ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គម្រោងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៣ ០០០ បាត ជូនពលរដ្ឋម្នាក់ៗក្នុងរយៈពេល ៣ ខែជាប់គ្នា ត្រូវបានរដ្ឋាភិបាលថៃអនុម័តហើយ

    BY autoadmin October 2, 2020
    គម្រោងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៣ ០០០ បាត ជូនពលរដ្ឋម្នាក់ៗក្នុងរយៈពេល ៣ ខែជាប់គ្នា ត្រូវបានរដ្ឋាភិបាលថៃអនុម័តហើយ

    ថៃ៖ គម្រោងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៣ ០០០ បាត (៩៥ ដុល្លារអាមេរិក) ទៅកាន់ពលរដ្ឋ ១០ លាននាក់ត្រូវបានរដ្ឋាភិបាលសម្រេចអនុម័តជាផ្លូវការហើយកាលពីថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post ។ គួរម្លឹកជូនថា តាមរយៈគម្រោងមួយនេះរដ្ឋាភិបាលថៃនឹងប្រើប្រាស់ថវិកាជាតិចំនួន ៣០ ពាន់លានបាត (ជាង ៩៤៧ លានដុល្លារអាមេរិក) បែងចែងជូនពលរដ្ឋក្នុងរយៈពេល ៣ ខែជាប់គ្នាគឺចាប់ពីថ្ងៃទី ២៣ ខែតុលា រហូតដល់ ថ្ងៃទី ៣១ ខែ ឆ្នូ សម្រាប់ទិញចំណីអាហារនៅតាមហាងដែលបានកំណត់ដោយរដ្ឋាភិបាល។

    គម្រោងផ្តល់ប្រាក់មួយនេះនឹងត្រូវអនុវត្តឡើងក្រោមលក្ខខណ្ឌមួយចំនួនដូចជា ពលរដ្ឋថៃដែលមានអាយុលើសពី ១៨ ឆ្នាំឡើងទៅចំនួន ១០ លាននាក់ត្រូវទៅចុះឈ្មោះដើម្បីមានសិទ្ធទទួលយកលុយឧបត្ថម្ភហើយលុយឧបត្ថម្ភនេះមិនមែនជាការផ្តល់ជូនលុយសុទ្ធឡើយ តែវាគឺជាប័ណ្ណទូទាត់សាច់សម្រាប់ចុះតម្លៃ ៥០% រាល់ការចំណាយទិញចំណីអាហារនៅតាមជាង ១០០០ កន្លែង ដែលបានចុះបញ្ជីជាដៃគូអាជីវកម្មជាមួយរដ្ឋាភិបាល។ ហាងលក់ចំណីអាហារនឹងទទួលប្រាក់សុទ្ធពីអតិថិជន ៥០% ភ្លាមៗក្នុងពេលចំណាយ និង ៥០ % ផ្សេងទៀតនឹងត្រូវផ្តល់ជូនពេលក្រោយតាមរយៈភ្នាក់ងាររបស់រដ្ឋាភិបាលថៃ។

    ចំពោះការចំណាយទៀតសោធគឺអតិថិជនម្នាក់មិនត្រូវចាយប័ណ្ណទូទាត់សាច់ប្រាក់លើពី ១៥០ បាត (ជិត ៥ ដុល្លារអាមេរិក) ឡើយក្នុងមួយថ្ងៃ និងក្នុងរយៈពេល ៣ ខែនេះពួកគេអាចចាយបានត្រឹមតែ ៣ ០០០ បាត ប៉ុណ្ណោះក្នុងម្នាក់ ហើយការចំណាយលើសពីនេះគឺជាការទទួលខុសត្រូវរបស់ពលរដ្ឋម្នាក់ៗផ្ទាល់តែម្តង។ ការសម្រេចអនុវត្តគម្រោងមួយនេះត្រូវអាជ្ញាធរថៃអះអាងថា ធ្វើឡើងដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចក្រុមអាជីវកលក់ចំណីអាហារខ្នាតតូច ឬលក់តាមដងផ្លូវឲ្យមានដង្ហើមឡើងវិញ បន្ទាប់ពីពួកគេទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិនៃជំងឺកូវីដ ១៩។

    បើតាមការបញ្ជាក់របស់លោក Kanchana Tangpakon ដែលជានាយកការិយាល័យគោលនយោបាយសារពើពន្ធបានឲ្យដឹងថា ស្របពេលជាមួយគ្នានឹងការអនុម័តគម្រោងខាងលើនេះ រដ្ឋាភិបាលថៃក៏បានអនុម័តគម្រោងឧបត្ថម្ភប្រាក់មួយផ្សេងទៀតផងដែរ ដែលគម្រោងមួយនោះគឺជាការផ្តល់ប្រាក់សុទ្ធចំនួន ១ ៥០០ បាត (៤៨ ដុល្លារអាមេរិក) ក្នុងរយៈពេល ៣ខែ ជាប់គ្នា ទៅកាន់ពលរដ្ឋក្រីក្ររងគ្រោះដោយវិបត្តិនៃជំងឺកូវីដ ១៩ ប្រមាណជា ១៣,៩៤ លាននាក់ ហើយការផ្តល់ប្រាក់នេះនឹងត្រូវធ្វើឡើងតាមរយៈការបញ្ចូលលុយទៅកាន់គណនីធនាគាររបស់ក្រុមពលរដ្ឋទាំងអស់នោះដោយផ្ទាល់តែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Bangkok Post 

    Share This Post: