នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ផ្ញើសារជូនពរលោក ដូណាល់ ត្រាំ និងភរិយា ឱ្យឆាប់ជាសះស្បើយពីជំងឺកូវីដ១៩
នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានផ្ញើសារមួយ ទៅកាន់ប្រធានាធិបតីអាមេរិកលោក Donald Trump និងលោកជំទាវទី ១ Melania Trump បន្ទាប់ពីពួកគេបានឆ្លងជំងឺ COVID-19 នៅពាក់កណ្តាលយុទ្ធនាការប្រធានាធិបតី។ សាររបស់លោក Modi បានកើតឡើងភ្លាមៗ បន្ទាប់ពីលោក Trump បានប្រកាសថា គាត់និងលោកស្រី Melania នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេ។ អ្នកទាំង ២ បានតេស្ដវិជ្ជមានសម្រាប់ជំងឺ COVID-19 បន្ទាប់ពីជំនួយការកំពូលរបស់ប្រធានាធិបតីគឺអ្នកស្រី Hope Hicks បានឆ្លងជំងឺនេះ។

គ្រូពេទ្យរបស់លោក Trump គឺលោក Sean Conley បាននិយាយថា ទាំងប្រធានាធិបតី និងលោកជំទាវទី១ កំពុងមានសុខភាពល្អនៅពេលនេះ ហើយលោក Trump នឹងបំពេញភារកិច្ចរបស់គាត់ដោយ «គ្មានការរំខាន» ខណៈនឹងសម្រាកព្យាបាលនៅសេតវិមាន។ ព័ត៌មានអំពីស្ថានភាពរបស់លោក Trump បានកើតឡើង បន្ទាប់ពីលោកបានចូលរួមក្នុងកិច្ចពិភាក្សាដេញដោលបេក្ខភាពប្រធានាធិបតីជាមួយលោក Joe Biden នៅទីក្រុង Cleveland រដ្ឋ Ohio កាលពីថ្ងៃអង្គារ និងបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Duluth រដ្ឋ Minnesota កាលពីថ្ងៃពុធ៕
Wishing my friend @POTUS @realDonaldTrump and @FLOTUS a quick recovery and good health. https://t.co/f3AOOHLpaQ
— Narendra Modi (@narendramodi) October 2, 2020

អត្ថបទ៖ លីដា
ប្រភព៖ RT