កីឡា

តើកីឡាករឆ្នើមៗណាខ្លះ ដែលខកខានមិនបានចូលលេង FIFA World Cup ឆ្នាំ 2018 នេះ?

BY
Khmernote Media
June 7, 2018

ព្រឹត្តិការណ៏បាល់ទាត់ពិភពលោក FIFA World Cup 2018 នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះហើយអ្នកគាំទ្រជាច្រើនកំពុងតែរង់ចាំព្រោះវាមានតែមួយដងប៉ុណ្នោះក្នុងរយះពេល ៤ឆ្នាំ។ ដូច្នេះកីឡាករគ្រប់រូបសុទ្ធតែចង់មានឈ្មោះទៅលេងនៅព្រឺត្តិការណ៍ដ៏ធំនេះដើម្បីបង្ហាញសម្ថិភាពនិងជួយក្រុមជម្រើសជាតិរបស់ខ្លួនទទួលបានលិទ្ធផលល្អ។ ទោះជាយ៉ាងណាក៏ដោយមានកីឡាករឆ្នើមជាច្រើនដែលមិនត្រូវបានកោះហៅទៅជួយក្រុមជម្រើសជាតិរបស់ខ្លួនដោយសារតែមានបញ្ហានិងហេតុផល។

១. Sergio Romero

Sergio Romero ត្រូវ​បានដក​ចេញ​ពីក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ដោយសារ​របួស​ជង្គង់អំឡុងពេលហ្វឹកហាត់។ គួរបញ្ជាក់ថាកីឡាករ Romero លេងឲជម្រើសជាតិអាហ្សង់ទីនបានចំនួន ៩៤ ប្រកួតហើយអ្នកចាំទីដៃស្អិតរូបនេះតែងតែជាប់ជម្រើសដំបូងជានិច្ច។

២. Dani Alves

ខ្សែការពារ Dani Alves របស់ក្រុមជម្រើសជាតិប្រេស៊ីលត្រូវបានដកចេញពីការប្រកួតបាល់ទាត់ FIFA World Cup នៅប្រទេសរុស្ស៊ីឆ្នាំ 2018 បន្ទាប់ពីគាត់បានរងរបួសជង្គង់ខណៈពេលលេងឱ្យក្លិប Paris Saint-Germain។ Dani Alves បានធ្វើការបង្ហាញខ្លួនជាលើកដំបូងឲក្រុមជម្រើសជាតិប្រេស៊ីលក្នុងនាមជាកីឡាករបម្រុងក្នុងការប្រកួតមិត្តភាពក្រៅផ្លូវការជាមួយក្រុមជម្រើសជាតិ Kuwaiti Al-Kuwait នៅថ្ងៃទី 7 ខែតុលាឆ្នាំ 2006។

៣. David Luiz

ការរងរបួសរយះពេលយូររបស់កីឡាករ David Luiz បានធ្វើឱ្យគាត់មិនមានឈ្មោះនៅក្រុមជម្រើសជាតិប្រេស៊ីល។ នេះអាចជាឱកាសចុងក្រោយរបស់គាត់ក្នុងការលេងក្នុងព្រឹត្តិការណ៏ World Cup ហើយវាជារឿងអកុសលដែលគាត់មិនអាចធ្វើវាបាន។ គួរបញ្ជាក់ថាខ្សែរការពារ David Luiz បានបង្ហាញខ្លួនឲប្រេស៊ីលចំនួន ៥៦ ប្រកួតនិងរកគ្រាប់បាល់បាន ៣ គ្រាប់។

៤. Shkodran Mustafi

កីឡាករ Shkodran Mustafi មិនបានទៅលេងឲក្រុមជម្រើសជាតិអាល្លឺម៉ង់នៅព្រឹត្តិការណ៏ World Cup 2018 នោះទេ ដោយមិនបានកោះហៅពីលោក Joachim Low។ Mustafi បានជួយក្រុមម្រើសជាតិអាល្លឺម៉ង់លើកពាន FIFA Confederations Cup 2017 ដែលមានក្រុមចំនួន ៨ ចូលរួម។

៥. Laurent Koscielny

ក្រុមជម្រើសជាតិបារាំងបានបញ្ជាក់ថាខ្សែរការពារ Laurent Koscielny នឹងខកខានការប្រកួត World Cup 2018 នៅរដូវក្តៅនេះដោយសារតែកីឡាកររូបនេះបានរងរបួសកជើងអំឡុងពេលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រាត់ក្នុងក្របខ័ណ្ឌ Europa League ជាមួយនឹងក្រុម Atletico Madrid។ Koscielny ដែលបង្ហាញខ្លួនបាន 51 ប្រកួតឲបារាំងរូបនេះក៏បានប្រកាសថាគាត់នឹងចូលនិវត្តន៍ពីជម្រើសជាតិបន្ទាប់ពីព្រឹត្តិការណ៏ World Cup 2018។

៦. Emre Can

ខ្សែបម្រើកណ្តាលរបស់ក្លិប Liverpool កីឡាករ Emre Can មិនមានឈ្មោះក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2018 ។ លោក Joachim Loew អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិអាឡឺម៉ង់បានកាត់ឈ្នោះ Can ចេញពីបញ្ជីកីឡាករ 23 នាក់ចុងក្រោយខណៈ Can ជាខ្សែបម្រើមួយក្នុងចំណោមខ្សែបម្រើទាំង 8 ដែលមានឈ្មោះទៅកាន់ប្រទេសរុស្ស៊ី។ គួរបញ្ជាក់ថា Can បានរងរបួសក្នុងការប្រកួតជាមួយ Watford នៅក្នុងក្របខ័ណ្ឌ Premier League កាលពីខែមីនាកន្លងទៅ។

៧. Cesc Fabregas

ខ្សែរបម្រើរជើងចាស់ Cesc Fabregas មិនបានទៅលេងឲក្រុមជម្រើសជាតិអេស្ប៉ាញនៅព្រឹត្តិការណ៏ World Cup 2018 នោះទេដោយមិនបានជាប់ឈ្មោះក្នុងបញ្ជីកីឡាករ 23 នាក់ចុងក្រោយទៅប្រទេសរុស្សី។ ការធ្លាក់ទម្រង់លេងរបស់ Fabregas នៅក្រុម Chelsea ទំនងជាហេតុផលដែលធ្វើឱ្យគាត់ធ្លាក់ចេញពីតំណែងទៅប្រទេសរុស្ស៊ី។

៨. Alex Oxlade-Chamberlain

ខ្សែរបម្រើ Alex Oxlade-Chamberlain នឹងខកខានមិនបានចូលរួមលេងជាមួយក្រុមជម្រើសជាតិអង់គ្លេសនៅ World Cup នៅរដូវក្តៅនេះឡើយបន្ទាប់ពីបានរងរបួសសរសៃពួរ។ កីឡាករវ័យ 24 ឆ្នាំរូបនេះត្រូវបានប្តូរចេញនៅនាទីទី 18 ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាមួយក្រុម Roma។

៩. Anthony Martial

លោក Didier Deschamps មិនបានជ្រើសរើសខ្សែបម្រើស្លាបរបស់ក្រុម Manchester United បន្ទាប់ពីទំរង់លេងរបស់គេមានការធ្លាក់ចុះខណៈដែលគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Jose Mourinho មិនសូវដាក់ឲលេងនៅក្របខ័ណ្ឌ Premier League។

១០. Karim Benzema 

ខ្សែប្រយុទ្ធរបស់ក្លិប Real Madrid រូបនេះមិនត្រូវបានដាក់បញ្ចូលក្នុងក្រុមជម្រើសជាតិបារាំនៃការប្រកួត World Cup ឆ្នាំ 2018 នៅប្រទេសរុស្ស៊ីទេ។ យោងតាមលោក Noel Le Graet ប្រធានសហព័ន្ធកីឡាបាល់ទាត់បារាំងបានឱ្យដឹងថាកីឡាករ Karim Benzema មិនមានសង្ឃឹមក្នុងការត្រលប់មកលេងក្នុងក្រុមជំរើសជាតិបារាំងវិញទេដោយសារមានទំរង់លេងមិនសូវល្អ។

១១. Mauro Icardi

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Mauro Icardi ត្រូវបានគ្រូបង្វឹកដកឈ្មោះចេញពីបញ្ជីកីឡាករ 23 នាក់ចុងក្រោយទៅប្រទេសរុស្ស៊ីបើទោះបីជាកីឡាកររូបនេះបានបង្ហាញទំរង់លេងយ៉ាងល្អហើយក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេនៅក្របខណ្ឌ Italy ជាមួយក្រុម Inter Milan ដោយរកបាន 25 គ្រាប់ក្នុងរដូវកាល 2017-2018នេះ។

នេះជាកីឡាករចំនួន ១១ នាក់ដែលខកខានមិនបានទៅលេងក្នុងព្រឹត្តិការណ៏បាល់ទាត់ពិភពលោក FIFA World Cup 2018 នៅប្រទេសរុស្ស៊ីនារដូវក្ដៅខាងមុខនេះ។

អត្ថបទ៖ ប៊ុនហួរ

Share This Post: