លោក គីម ជុងអ៊ុន ផ្ញើសារជូនពរលោក ដូណាល់ ត្រាំ និងភរិយា ឱ្យឆាប់ជាសះស្បើយពីជំងឺកូវីដ១៩
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងរាយការណ៍ថា មេដឹកនាំប្រទេសលោក គីម ជុងអ៊ុន បានផ្ញើសារសម្ដែងក្ដីអាណិតអាសូរ ជូនចំពោះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានធ្វើតេស្តវិជ្ជមានជាមួយជំងឺនេះ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េបាននិយាយកាលពីថ្ងៃសៅរ៍ថា លោក គីម បានជូនពរលោក ដូណាល់ ត្រាំ និងលោកជំទាវទី១ លោកស្រី មេឡានៀ ត្រាំ ឱ្យឆាប់ជាពីជំងឺ COVID-19 ហើយគាត់ជឿជាក់ថា អ្នកទាំងពីរនឹងឆ្លងផុតពីជំងឺដ៏សាហាវនេះបាន។

នេះជាលើកទីមួយហើយដែលលោក គីម បានផ្ញើសារទៅមេដឹកនាំបរទេសម្នាក់ដែលឆ្លងជំងឺ COVID-19 ។ រំលឹកដែរថា លោក ត្រាំ និងលោក គីម បានបើកកិច្ចប្រជុំកំពូលនៅឆ្នាំ២០១៨ និង២០១៩ ហើយបានបន្តផ្លាស់ប្តូរសារ ទោះបីខ្វះការរីកចម្រើនលើកិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ។ សារចុងក្រោយរបស់លោក គីម ជុងអ៊ុន ហាក់ដូចជាបង្ហាញថា មេដឹកនាំទាំង ២ នៅតែមានទំនាក់ទំនងល្អដដែល ទោះបីចរចាគ្នាមិនដែលត្រូវក៏ដោយ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK