លោក ដូណាល់ ត្រាំ ត្រូវសម្រាកព្យាបាលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យយោធា ហើយបន្ដធ្វើការធម្មតាពីទីនោះ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញខ្លួនជាសាធារណៈនៅល្ងាចថ្ងៃសុក្រ ទី០២ ខែតុលា (ម៉ោងនៅអាមេរិក) ជាលើកដំបូងចាប់តាំងពីគាត់បានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ដោយជិះឧទ្ធម្ភាគចក្រ Marine One របស់គាត់សម្រាប់ការហោះហើរទៅកាន់មន្ទីរពេទ្យយោធា។ លោក ត្រាំ បានដើរចេញពីសេតវិមាន ហើយបានត្រឹមតែលើកមេដៃ ប៉ុន្តែមិននិយាយស្ដីអ្វីទេ។ សមាជិកបុគ្គលិកលើឧទ្ធម្ភាគចក្រ ភ្នាក់ងារសម្ងាត់ និងបុគ្គលិកសេតវិមានបានពាក់ម៉ាស់ ដើម្បីការពារខ្លួនអំឡុងពេលអមដំណើរប្រធានាធិបតីនៅលើឧទ្ធម្ភាគចក្រ។

នៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់គាត់តាំងពីធ្លាក់ខ្លួនឈឺលោក ដូណាល់ ត្រាំ បាននិយាយថា គាត់ជឿជាក់ថាគាត់នឹងមិនកើតអ្វីទេ នៅក្នុងសារវីដេអូខ្លីមួយដែលបានបង្ហោះនៅលើគណនី Twitter របស់គាត់។ លោក ត្រាំ បាននិយាយថា៖«ខ្ញុំចង់ថ្លែងអំណរគុណដល់អ្នករាល់គ្នាសម្រាប់ការគាំទ្រយ៉ាងខ្លាំង។ ខ្ញុំនឹងទៅមន្ទីរពេទ្យ Walter Reed ។ ខ្ញុំគិតថាខ្ញុំមិនកើតអ្វីទេ។ ប៉ុន្តែយើងនឹងធ្វើឱ្យប្រាកដថាអ្វីៗដំណើរការបានល្អ»។
សេតវិមានបាននិយាយថា ដំណើរទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed គឺជាការប្រុងប្រយ័ត្នទុកជាមុន ហើយថាលោក ដូណាល់ ត្រាំ នឹងបន្តពាក់អាវធំធ្វើការពីមន្ទីរពេទ្យធម្មតា ដើម្បីអនុញ្ញាតឱ្យគាត់បន្ដកិច្ចការក្នុងនាមជាប្រធានាធិបតី។ វីដេអូតាមអ៊ិនធឺណេតក៏បានបង្ហាញពីក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ មួយក្រុមតូចនៅខាងក្រៅ Walter Reed កាលពីល្ងាចថ្ងៃសុក្រផងដែរ ដោយពួកគេគ្រវីទង់ Trump ២០២០ ដែលភាគច្រើនគឺមិនពាក់ម៉ាសទេ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia