ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្នាក់ដឹកនាំសណ្ឋាគារ Le Palais Hotel នៅថៃ ធ្វើការសូមទោសដែលបានយករូបចម្លាក់ប្រាសាទខ្មែរមកដាក់លម្អ និងបញ្ជាក់ថាខ្លួនគ្រាន់តែចង់បង្ហាញពីភាពថ្កុំថ្កើងនៃអារ្យធម៌ខ្មែរតែប៉ុណ្ណោះ

    BY autoadmin October 5, 2020
    ថ្នាក់ដឹកនាំសណ្ឋាគារ Le Palais Hotel នៅថៃ ធ្វើការសូមទោសដែលបានយករូបចម្លាក់ប្រាសាទខ្មែរមកដាក់លម្អ និងបញ្ជាក់ថាខ្លួនគ្រាន់តែចង់បង្ហាញពីភាពថ្កុំថ្កើងនៃអារ្យធម៌ខ្មែរតែប៉ុណ្ណោះ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្ដិ៍នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា សណ្ឋាគារ Le Palais Hotel ដែលមានទីតាំងនៅលើកោះ Koh Phangan បានចេញសេចក្តីសុំទោសសម្រាប់កំហុសរបស់ខ្លួន ដែលបានប្រើប្រាស់វប្បធម៌របស់កម្ពុជា ពិសេសគឺប្រាសាទអង្គរវត្ត ដើម្បីមកធ្វើជាការតុបតែងលម្អក្នុងសណ្ឋាគារខ្លួន ខណៈដែលទង្វើនេះបានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមនៅកម្ពុជា បានមានការខឹងសម្បារយ៉ាងខ្លាំង។ សណ្ឋាគារបាននិយាយថា ស្ថាបនិករបស់ខ្លួនគោរពស្រឡាញ់វប្បធម៌កម្ពុជា ដោយសារពួកគាត់ជាជនជាតិខ្មែរ ហើយទីនោះជាទឹកដីកំណើតរបស់គាត់។

    សណ្ឋាគារបានសរសេរនៅលើបណ្ដាញ Facebook របស់ខ្លួនថា៖«ពួកយើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះបញ្ហា ដែលបណ្ដាលឱ្យអ្នកមិនសប្បាយចិត្ត និងចង់បញ្ជាក់ចក្ខុវិស័យចេញពីបេះដូង និងចេតនារបស់ស្ថាបនិករបស់យើង។ សណ្ឋាគារ Le Palais Hotel កោះ Koh Phangan គឺត្រូវបានបំផុសគំនិតដោយភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត ដែលមានទីតាំងនៅប្រទេសកម្ពុជា។ ប្រទេសកម្ពុជាជាមាតុភូមិនៃស្ថាបនិករបស់យើង ហើយទីនោះស្ថិតនៅក្នុងបេះដូងរបស់គាត់ជានិច្ច។ ថៃជាផ្ទះទី២ ដែលគាត់បានរកឃើញសន្តិភាពផ្លូវចិត្ត នៅក្នុងទឹកដីនៃស្នាមញញឹម»។

    សណ្ឋាគារបានបន្ដថា៖«យើងបានបើកសណ្ឋាគារនេះដោយក្ដីកោតសរសើរ ដឹងគុណ និងចំណង់ចំណូលចិត្តចំពោះសិល្បៈដ៏អស្ចារ្យ។ ការស្ថាបនាការតុបតែងនៅទីនេះ ធ្វើឡើងដោយដៃនិងបេះដូង ធ្វើដោយក្រុមការងារថៃ និងកម្ពុជា។ ទោះយ៉ាងណាភាពអស្ចារ្យនឹងនៅតែស្ថិតនៅលើប្រាសាទអង្គរវត្តដ៏អស្ចារ្យ ហើយនឹងមិនត្រូវបានប្រៀបធៀបឡើយ»។ ចំពោះបញ្ហានេះដែរ ខាងការិយាល័យវប្បធម៌ថៃកាលពីម្សិលមិញបាននិយាយថា ខ្លួនបានបើកការស៊ើបអង្កេតទៅលើសណ្ឋាគារ ខណៈដែលសណ្ឋាគារនេះសព្វថ្ងៃមិនទាន់បើកទ្វារវិញនៅឡើយ ដោយសណ្ឋាគារបានបិទទ្វារដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: