ក្រុមគ្រូពេទ្យបានធ្វើការបញ្ជាក់ពីស្ថានភាពសុខភាពរបស់លោក ដូណាល់ ត្រាំ ក្រោយទទួលការព្យាបាលមួយរយៈ
ក្រុមគ្រូពេទ្យដែលព្យាបាលជំងឺ COVID-19 សម្រាប់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា គាត់អាចនឹងត្រូវចេញពីមន្ទីរពេទ្យភ្លាមៗនៅថ្ងៃច័ន្ទ ប្រសិនបើស្ថានភាពរបស់គាត់នៅតែប្រសើរ។ ក្រុមគ្រូពេទ្យរបស់លោក ត្រាំ បាននិយាយនៅព្រឹកថ្ងៃអាទិត្យថា ប្រធានាធិបតីលែងត្អូញត្អែរពីការដកដង្ហើមខ្លីៗ ហើយអាចដើរទៅមកបានធម្មតា។ ពួកគេបាននិយាយថា កម្រិតអុកស៊ីសែនឈាមរបស់គាត់បានវិលមករកភាពធម្មតាវិញហើយ។

ក្រុមគ្រូពេទ្យបាននិយាយថា ក្តីសង្ឃឹមរបស់ពួកគេគឺថាពួកគេអាចរំសាយគាត់ទៅកាន់សេតវិមាននៅព្រឹកថ្ងៃច័ន្ទ ប្រសិនបើប្រធានាធិបតីនៅតែមើលទៅធូរស្រាល និងខ្លួនគាត់មានអារម្មណ៍ធូរស្រាលដូចកាលពីថ្ងៃអាទិត្យ។ ជម្រាបដែរថា លោក ត្រាំ បានទទួលការព្យាបាលនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed ចាប់តាំងពីថ្ងៃសុក្រ ហើយលោកគ្រុនក្តៅខ្លាំងនៅព្រឹកថ្ងៃសុក្រ និងត្រូវបានគេផ្តល់អុកស៊ីសែនបន្ថែម បន្ទាប់ពីកម្រិតអុកស៊ីសែនរបស់គាត់បានធ្លាក់ចុះ។ កម្រិតអុកស៊ីសែនរបស់ប្រធានាធិបតីក៏បានធ្លាក់ចុះផងដែរកាលពីថ្ងៃសៅរ៍។
កាលពីថ្ងៃសៅរ៍ពួកគេបានប្រើថ្នាំ Dexamethasone ដែលជាថ្នាំស្តេរ៉ូអ៊ីត ដែលត្រូវបានណែនាំឱ្យប្រើសម្រាប់ជំងឺរលាកសួតបន្ថែមពីលើថ្នាំប្រឆាំងវីរុស។ ក្រុមវេជ្ជបណ្ឌិតបានបដិសេធមិននិយាយលម្អិតអំពីស្ថានភាពសួតរបស់ប្រធានាធិបតីនោះទេ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយអាមេរិកខ្លះកំពុងរាយការណ៍ថា ថ្នាំស្តេរ៉ូអ៊ីតត្រូវបានណែនាំសម្រាប់អ្នកជំងឺដែលមានករណីធ្ងន់ធ្ងរ ហើយអ្នកផ្សេងទៀតក៏បានរិះគន់ចំពោះដំណឹងដែលថា គាត់ត្រូវដាក់អុកស៊ីសែនជំនួយ ដោយសារតែដំណឹងទើបតែត្រូវបានគេជម្រាបជូននៅថ្ងៃអាទិត្យប៉ុណ្ណោះ៕



អត្ថបទ៖ លីដា
ប្រភព៖ NHK