ក្មេងប្រុសម្នាក់វក់នឹងលេងហ្គេម PUBG ភ្លេចបាយភ្លេចទឹករាប់ម៉ោងរហូតគាំងបេះដូងស្លាប់
អេហ្សីប៖ ក្មេងប្រុសម្នាក់បានគាំងបេះដូងស្លាប់បន្ទាប់ពីរូបគេបានចំណាយពេលលេងហ្គេម PUBG ជាច្រើនម៉ោងដោយគ្មានពេលសម្រាកទាល់តែសោះ។ ក្មេងប្រុសរងគ្រោះត្រូវបានសារព័ត៌មាន Egypt Independent រាយការណ៍ថា ទើបនឹងមានអាយុ ១២ ឆ្នាំតែប៉ុណ្ណោះ ហើយរូបគេជាក្មេងដែលញៀននឹងការលេងហ្គេមដ៏ងប់ងល់បំផុត។ ប្រភពបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះរូបគេបានវក់នឹងការលេងហ្គេម PUBG នៅក្នុងទូរស័ព្ទដៃជាច្រើនម៉ោងភ្លេចបាយភ្លេចទឹកហើយសូម្បីតែពេលសម្រាកក៏គ្មានដែររហូតរូបគេត្រូវដួលសន្លប់ទាំងដៃនៅកាន់ទូរស័ព្ទលេងហ្គេមនៅឡើយ។

ភ្លាមនោះក្មេងប្រុសរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Al-Salam ដែលស្ថិតនៅក្នុងទីក្រុង Port Said នៃប្រទេសអេហ្សីប តែអ្វីៗបានហួសពេលអស់ទៅហើយ ព្រោះរូបគេបានគាំងបេះដូងស្លាប់តាំងពីមុនទៅដល់មន្ទីរពេទ្យម្លេះ។ សូមបញ្ជាក់ថា PUBG គឺជាហ្គេមបែបបាញ់ប្រហារដ៏គួរឲ្យជក់ចិត្តមួយ តែហ្គេមនេះត្រូវបានហាមឃាត់នៅក្នុងបណ្តាប្រទេសជាច្រើនដូចជាឥណ្ឌានិងប៉ាគីស្ថាន ព្រោះតែគេយល់ថា ហ្គេមនេះអាចបំផុសទឹកចិត្តឲ្យក្មេងៗមានចំណង់ចិត្តក្នុងការបាញ់កាំភ្លើង ហើយផ្នត់គំនិតរបៀបនេះអាចជំរុញឲ្យក្មេងៗហ៊ានធ្វើភារវកម្មតាមរយៈធ្វើការបាញ់ប្រហារទៅកាន់ហ្វូងមនុស្សនៅក្នុងសង្គមជាក់ស្តែងផងដែរ៕


អត្ថបទ៖ ភក្តី
ប្រភព៖ Egypt Independent