រដ្ឋាភិបាលថៃកំពុងត្រៀមលុយទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ សម្រាប់ពលរដ្ឋរបស់ខ្លួនពាក់កណ្ដាលប្រទេស
វិទ្យាស្ថានវ៉ាក់សាំងជាតិរបស់ប្រទេសថៃ បានដាក់ការបញ្ជាទិញវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 សម្រាប់ ៥០% នៃពលរដ្ឋសរុបរបស់ខ្លួន ហើយការកក់ទុកជាមុននេះនឹងត្រូវចំណាយថវិការបស់រដ្ឋាភិបាលចំនួន ២.៩៣ ពាន់លានបាត (៩៣លានដុល្លារ) ក្នុងខែនេះ។ វេជ្ជបណ្ឌិត Panprapa Yongtrakul អ្នកនាំពាក្យក្រសួងសុខាភិបាលបាននិយាយថា គណៈកម្មាធិការវ៉ាក់សាំងជាតិបានអនុម័តការបម្រុងវ៉ាក់សាំង COVID-19 ចំនួន ៦៦ លានដូសនៅឆ្នាំក្រោយ ដើម្បីឱ្យពលរដ្ឋថៃពាក់កណ្ដាលប្រទេសបានទទួលវាគ្រប់គ្រាន់។

វ៉ាក់សាំសម្រាប់ប្រជាជន ២០% នឹងត្រូវបានធ្វើតាមរយៈកម្មវិធី COVAX ដែលជាកម្មវិធីផ្ដួចផ្ដើមដោយ WHO ។ ចំណែកប្រជាជន ៣០% ផ្សេងទៀតនឹងត្រូវបានផ្សាភ្ជាប់ដោយផ្ទាល់ជាមួយក្រុមហ៊ុនផលិត ខណៈប្រជាជនម្នាក់ៗត្រូវការចាក់វ៉ាក់សាំង COVID-19 ចំនួន ២ដង។ លោកវេជ្ជបណ្ឌិត Nakorn Premsri នាយកវិទ្យាស្ថានវ៉ាក់សាំងជាតិបានមានប្រសាសន៍ថា វិទ្យាស្ថានបានបញ្ជាកក់វ៉ាក់សាំងដោយផ្ទាល់ពីក្រុមហ៊ុនផលិតចំនួន ១០ ដែលមានការសាកល្បងក្នុងដំណាក់កាលទី៣។ ប៉ុន្តែយ៉ាងណាប្រទេសថៃ មិនទាន់បានដាក់ប្រាក់សម្រាប់ការកក់ទាំងនេះទេ។
ដូច្នេះរដ្ឋមន្រ្តីសុខាភិបាលសាធារណៈ Anutin Charnvirakul ដែលជាប្រធានគណៈកម្មាធិការថ្នាំបង្ការជាតិ អាចត្រូវអនុវត្តមាត្រាទី១៨ នៃច្បាប់ស្តីពីសុវត្ថិភាពវ៉ាក់សាំងជាតិ ដើម្បីអនុម័តការបូកសរុបដែលមានតម្លៃ ២.៩៣ ពាន់លានបាត ហើយប្រាក់កក់ត្រូវតែដាក់ឱ្យបានក្នុងខែនេះ។ ចំណែកក្រុមមនុស្សដំបូងដែលត្រូវទទួលថ្នាំបង្ការគឺបុគ្គលិកពេទ្យរបស់ថៃ ខណៈត្រូវអ្នកទទួលដែលនៅសេសសល់នឹងត្រូវបានជ្រើសរើសដោយផ្អែកលើចំណាប់អារម្មណ៍សុខភាពសាធារណៈ៕


អត្ថបទ៖ លីដា
ប្រភព៖ Chiangrai Times , ស៊ីនហួរ