ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុនម្សៅកូនក្មេងចនសុន នឹងត្រូវបង់ប្រាក់សំណងជាង ១០០លានដុល្លារអាមេរិក ដើម្បីដោះស្រាយបណ្តឹងជាង ១ ០០០ ករណី ដែលចោទថាម្សៅដែលខ្លួនផលិតបង្កមហារីក

    BY autoadmin October 6, 2020
    ក្រុមហ៊ុនម្សៅកូនក្មេងចនសុន នឹងត្រូវបង់ប្រាក់សំណងជាង ១០០លានដុល្លារអាមេរិក ដើម្បីដោះស្រាយបណ្តឹងជាង ១ ០០០ ករណី ដែលចោទថាម្សៅដែលខ្លួនផលិតបង្កមហារីក

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា ក្រុមហ៊ុន Johnson & Johnson (ចនសុន) នឹងត្រូវចំណាយប្រាក់ជាង ១០០ លានដុល្លារអាមេរិក ដើម្បីដោះស្រាយបណ្តឹងជាង ១ ០០០ ករណី ដែលចោទប្រកាន់មកលើក្រុមហ៊ុនថា ម្សៅលាបខ្លួនទារកមានមូលដ្ឋានលើសារធាតុថាល់ (Talc) ដែលខ្លួនផលិតគឺបង្កជំងឺមហារីក។ ក្រុមហ៊ុនប្រឈមមុខនឹងបណ្តឹងពីអតិថិជន និងអ្នករងគ្រោះជាង ១៩,០០០ បណ្ដឹង ដោយពួកគេចោទថា ផលិតផលរបស់ក្រុមហ៊ុនបង្កមហារីក ដោយការលាយគ្នាជាមួយអាសបេស្តុស (Asbestos)។

    ទោះយ៉ាងណាក៏ដោយក្រុមហ៊ុននៅតែបញ្ជាក់ថា សារធាតុថាល់មាននៅក្នុងម្សៅលាបទារករបស់ខ្លួនគឺមានសុវត្ថិភាព ទោះបីជាក្រុមហ៊ុនបានជំនួសផលិតផលបែបនេះដោយប្រើម្សៅពោតវិញ នៅសហរដ្ឋអាមេរិក និងកាណាដាក៏ដោយ។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃច័ន្ទ ដោយដកស្រង់សំដីមនុស្សដែលមានចំនេះដឹងអំពីបញ្ហានេះថា ការទូទាត់ប្រាក់របស់ Johnson & Johnson គឺជាសំណុំដំបូងនៃដំណោះស្រាយធំៗក្នុងរយៈពេលបួនឆ្នាំនៃការប្តឹងកន្លងមក។

    ការដោះស្រាយត្រូវបានធ្វើឡើងជាមួយក្រុមហ៊ុនច្បាប់មួយចំនួន និងជាលើកទី១ ដែលក្រុមហ៊ុនបានដោះស្រាយរឿងក្តីរបស់មេធាវីដើមបណ្តឹងក្នុងចំនួនច្រើន នៅក្នុងបណ្តឹងម្សៅលាបខ្លួនទារក ជាជាងដោះស្រាយបណ្តឹងបុគ្គលនៅមុនថ្ងៃ ឬអំឡុងពេលជំនុំជម្រះ។ កិច្ចព្រមព្រៀងនេះកើតឡើងអស់រយៈពេល ៧ខែ ចាប់តាំងពីក្រុមហ៊ុន បានប្រឈមមុខនឹងភស្តុតាងអំពីហានិភ័យជំងឺមហារីក នៅក្នុងផលិតផលសារធាតុថាល់របស់ខ្លួន។

    យ៉ាងណាក៏ដោយក្រុមហ៊ុនបានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់ Bloomberg ទេ ប៉ុន្តែបានបញ្ជាក់ជាថ្មីថា សារធាតុថាល់របស់ខ្លួនមានសុវត្ថិភាព និងមិនមានផ្ទុកសារធាតុអាបូស្តុសជាមួយគ្នានោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Daily Mail

    Share This Post: