គិតមកទល់ពេលនេះ មនុស្សជាង ២៦០ នាក់បានស្លាប់ នៅក្នុងជម្លោះទឹកដីរវាងប្រទេសអាស៊ែបៃហ្សង់ និងអាមេនី
ការប្រយុទ្ធថ្មីចុងក្រោយរវាងកងកម្លាំយោធាអាស៊ែបៃហ្សង់ និងអាមេនី ជុំវិញទឹកដីមានជម្លោះបានសម្លាប់មនុស្សជាង ២៦០នាក់ គិតត្រឹមថ្ងៃច័ន្ទ។ ឥឡូវនេះកម្លាំងរបស់អាស៊ែបៃហ្សង់កំពុងបង្កើនការវាយលុករបស់ខ្លួន នៅក្នុងជម្លោះដែលបានផ្ទុះឡើងកាលពីចុងខែកញ្ញា លើតំបន់ណាហ្គូណូ-ការ៉ាបាក។ ក្នុងនោះប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev បាននិយាយកាលម្សិលមិញថា ប្រទេសតួកគីដែលនៅជាប់នឹងប្រទេសរបស់លោក គួរតែបង្កើនការចូលរួមរបស់ខ្លួននៅក្នុងបញ្ហានេះ ហើយលោកបានអំពាវនាវឱ្យមានការគាំទ្រជាបន្តបន្ទាប់។

ចំណែកខាងប្រទេសអាមេនីវិញ បានរិះគន់ប្រទេសទួកគីយ៉ាងខ្លាំង ដោយនិយាយថា ការចូលរួមរបស់ទីក្រុងអង់ការ៉ា កំពុងធ្វើឱ្យស្ថានការណ៍រវាងអាស៊ែបៃហ្សង់ និងអាមេនី កាន់តែធ្ងន់ធ្ងរឡើងៗ។ ក្នុងនោះអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយកាលពីថ្ងៃច័ន្ទផងដែរថា៖«ខ្ញុំរំពឹងថាតួកគីនឹងប្រើឥទ្ធិពលគួរឱ្យកត់សម្គាល់របស់ខ្លួន ដើម្បីធ្វើឱ្យភាពតានតឹងចុះថយ» ប៉ុន្តែតួកគីវិញនៅតែប្តេជ្ញាគាំទ្រប្រទេសអាស៊ែបៃហ្សង់ ហើយទស្សនវិស័យសម្រាប់បទឈប់បាញ់គ្នានៅតែមិនច្បាស់លាស់នោះឡើយ៕





អត្ថបទ៖ លីដា
ប្រភព៖ NHK