កម្មករជាង១ពាន់នាក់តេស្តវិជ្ជមានជំងឺកូវីដ១៩ នៅក្នុងរោងចក្រមួយក្នុងប្រទេសស្រីលង្កា ដែលជារោងចក្រផលិតម៉ាស់ឲ្យទៅអាមេរិក
ស្រីលង្កា៖ កម្មករជាង ១ ០០០ នាក់ នៅក្នុងរោងចក្រមួយកន្លែងក្នុងទីក្រុង Colombo នៃប្រទេសស្រីលង្កាត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺកូវីដ ១៩ ដែលចំនួននេះគឺតួលេខឆ្លងដ៏ច្រើនបំផុតសម្រាប់សី្រលង្កាផងដែរ។ បើតាមការបញ្ជាក់នៅក្នុងសារព័ត៌មាន NST បានឲ្យដឹងថា ចាប់តាំងពីខែសីហាមក រោងចក្រមួយនេះបានផ្តើមផលិតម៉ាស់ដើម្បីយកទៅផ្គត់ផ្គង់ក្នុងទីផ្សារប្រទេសសហរដ្ឋអាមេរិក ហើយនៅក្នុងរោងចក្រមានកម្មករសរុបចំនួន ១ ៧០០ នាក់ ខណៈពេលនេះមានកម្មករចំនួន ១ ០២៦ នាក់ទៅហើយ ដែរបានឆ្លងជំងឺកូវីដ ១៩ នោះ។ សម្រាប់អាជ្ញាធរសុខាភិបាលនៃប្រទេសស្រីលង្ការហូតមកទល់នឹងពេលនេះនៅមិនទាន់អាចបញ្ជាក់បានទេថា ការចម្លងមេរោគនៅក្នុងរោងចក្រខាងលើនេះមានប្រភពមកពីណា ហើយអ្នកណាជាភ្នាក់ងារចម្លងមុនគេបង្អស់នោះ។

នៅចំពោះមុខស្ថានភាពដែលគេមិនអាចដឹងពីប្រភពដើមនៃការចម្លងមេរោគដូចនេះ រដ្ឋាភិបាលស្រីលង្កាបានបញ្ជាជាបន្ទាប់ឲ្យធ្វើការហាមឃាត់ការជួបជុំជាសាធារណៈ បិទសាលារៀន និងពន្យាពេលនៃរៀបចំប្រឹត្តិការណ៍កីឡារសំខាន់ជាច្រើនផងដែរ។ សូមបញ្ជាក់ថា ស្រីលង្កាមានពលរដ្ឋសរុបចំនួន ២១ លាននាក់ ហើយប្រទេសមួយនេះមិនដែលផ្ទុះករណីរាតត្បាតជំងឺកូវីដ ១៩ ក្នុងសហគមន៍ឡើយនាពេលកន្លងមក។ គិតត្រឹមពេលនេះស្រីលង្កាមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៤ ៤៥៩ ករណី និងស្លាប់ចំនួន ១៣ ករណីផងដែរ៕

អត្ថបទ៖ភក្តី
ប្រភព៖ NST