ក្រសួងសុខាភិបាលថៃកំពុងស្នើឱ្យមានការកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កសម្រាប់អ្នកទេសចរ ពី ១៤ថ្ងៃ មកនៅត្រឹម ១០ ថ្ងៃវិញ
យោងតាមការចុះផ្សាររបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងសុខាភិបាលថៃបានស្នើឱ្យមានការកាត់បន្ថយរយៈពេលនៃការដាក់ដាច់ដោយឡែក សម្រាបភ្ញៀវទេសចរបរទេស ពីរយៈពេល ១៤ថ្ងៃ មកត្រឹម ១០ថ្ងៃ ហើយក្រសួងក៏នឹងស្នើសុំមជ្ឈមណ្ឌលរដ្ឋាភិបាលសម្រាប់ស្ថានភាពជំងឺ COVID-19 សម្រាប់តម្រូវការផ្លាសប្ដូរមួយចំនួនផងដែរ។

លេខាធិការអចិន្រ្តៃយ៍សម្រាប់សុខភាពសាធារណៈលោក Kiattiphum Wongrajit បាននិយាយថា លោកមានទំនុកចិត្តថារលកទី២ នៃជំងឺ COVID-19 នៅប្រទេសថៃនឹងមិនអាក្រក់ដូចលើកទី១ នោះទេ ដោយសារវិធានការបង្ការដ៏ទូលំទូលាយ ជាពិសេសទាក់ទងនឹងការពាក់ម៉ាស់នៅទីសាធារណៈ។ ប្រសិនបើរលកទី២ នឹងអាក្រក់មែននោះ លោកជឿថានឹងអាចគ្រប់គ្រងវាបានក្នុងរយ់ៈពេល ១ខែ ហើយសំខាន់បំផុតគឺគ្រប់គ្នាត្រូវបន្ដពាក់ម៉ាស់។
អគ្គនាយកនៃនាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្តលោក Somsak Akksilp បាននិយាយថា មានគ្រែសម្រាកព្យាបាលប្រហែល ២,០០០ អាចរកបាននៅទូទាំងប្រទេសសម្រាប់អ្នកជំងឺ។ ទីក្រុងបាងកកមានសមត្ថភាពព្យាបាលអ្នកជំងឺពី ២៣០ ទៅ ៤០០នាក់ ក្នុងមួយថ្ងៃ ហើយទូទាំងប្រទេសអាចព្យាបាលបានពី ១,០០០-១,៧០០នាក់ ក្នុងមួយថ្ងៃ។ លោកបានបញ្ជាក់ថា ថៃមានថ្នាំ និងឧបករណ៍វេជ្ជសាស្ត្រគ្រប់គ្រាន់សម្រាប់ព្យាបាល ហើយប្រទេសនេះកំពុងស្ថិតក្នុងដំណើរការផលិតថ្នាំប្រឆាំងនឹងជំងឺផ្ដាសាយផ្ទាល់ខ្លួនឈ្មោះថា Favipiravir ដែលថ្នាំនេះបង្ហាញសញ្ញាថា អាចកាត់បន្ថយអាការនៃអ្នកជំងឺ COVID-19 បានទៀតផង៕



អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍