លឿនមែនទែន! ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកពេលនេះបានកើនដល់ ៣៧លាននាក់ ខណៈស្លាប់សរុប ១លាន ៧ម៉ឺននាក់
យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយដោយ Worldometers សម្រាប់ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកពេលនេះបានកើនដល់ជាង ៣៧លាននាក់ ខណៈចំនួនស្លាប់បានកើនដល់ ១លាន ៧ម៉ឺននាក់។ គិតមកទល់ពេលនេះ វាមានរយៈពេលជាង ១០ខែ មកហើយ ចាប់តាំងពីជំងឺនេះបានលេចមុខដំបូងនៅប្រទេសចិន កាលពីចុងឆ្នាំ២០១៩ ប៉ុន្តែការឆ្លងនៅមិនទាន់មានការថយចុះនៅឡើយ ហើយប្រទេសខ្លះពិសេសនៅខាងអឺរ៉ុបក៏បានចាប់ផ្ដើមកើនឡើងករណីថ្មីៗយ៉ាងគួរឱ្យបារម្ភ។

យ៉ាងណាសហរដ្ឋអាមេរិកនៅតែឈរលើគេក្នុងតារាង ដោយមានការស្លាប់សរុប ២១ម៉ឺននាក់ និងចំនួនឆ្លងសរុប ៧.៨ លាននាក់។ ឥណ្ឌាកំពុងប្រឈមនឹងការរីករាលដាលយ៉ាងខ្លាំង ដោយពេលនេះវាមានករណីសរុប ៦.៩ លាននាក់ ជាមួយនឹងការស្លាប់សរុប ១០ម៉ឺននាក់។ ប្រទេសនេះបានកត់ត្រាតួលេខអ្នកឆ្លងថ្មីច្រើនបំផុតក្នុងពិភពលោករៀងរាល់ថ្ងៃ ហើយវាទំនងនឹងវ៉ាដាច់អាមេរិកឆាប់ៗ ខណៈដែលប្រទេសទាំងមូលកំពុងបើកសេដ្ឋកិច្ចឡើងវិញ។ ចំណែកប្រេស៊ីលវិញពេលនេះមានករណីកើនដល់ ៥លាននាក់ ខណៈអ្នកស្លាប់សរុបជិត ១៥ម៉ឺននាក់ ផងដែរ៕



អត្ថបទ៖ លីដា
ប្រភព៖ Worldometers