ពូកែណាស់! និស្សិតជីវគីមីឥណ្ឌាម្នាក់នេះ បានឈ្នះកំណត់ត្រាពិភពលោក ដោយបានបញ្ចប់វគ្គសិក្សាតាមអ៉ីនធឺណេត ៣៥០វគ្គ ត្រឹមរយៈពេលតែ ៣ខែ អំឡុងពេលមានការបិទទ្វារទូទាំងប្រទេស
ខណៈដែលយើងភាគច្រើនមានការធុញទ្រាន់ និងខ្លះឆ្ងល់ថាតើគួរធ្វើអ្វីខ្លះនៅអំឡុងពេលមានការបិទទ្វារទប់ស្កាត់ជំងឺ COVID-19 អ្នកខ្លះទៀតបានចំណាយពេលវេលារបស់ពួកគេយ៉ាងមានប្រសិទ្ធិភាព ដែលអាចបង្កើតនូវស្នាដៃថ្មីៗជាច្រើន។ ជាក់ស្ដែងនិស្សិត MSc Biochermistry ឆ្នាំទី២ មកពីទីក្រុង Kochi ប្រទេសឥណ្ឌា បានឈ្នះឯតទគ្គកម្មពិភពលោកនៅឯវេទិកាកំណត់ត្រាសកល (Universal Record Forum) បន្ទាប់ពីនាងបានបញ្ចប់វគ្គសិក្សាតាមអ៉ីនធឺណេតចំនួន ៣៥០វគ្គ ក្នុងរយៈពេល ៣ខែចុងក្រោយ នៃការបិទទ្វារប្រទេសរបស់នាង។

យោងតាមសារព័ត៌មាន India Times បានឱ្យដឹងថា កញ្ញា Arathi Reghunath ដែលជានិស្សិតនៃមហាវិទ្យាល័យ MES College បានចុះឈ្មោះសិក្សា និងបញ្ចប់វគ្គសិក្សា ពីសាកលវិទ្យាល័យល្បីៗជាច្រើនមកពីពាសពេញពិភពលោក ក្នុងនោះមានសាកលវិទ្យាល័យ John Hawkins, សាកលវិទ្យាល័យ Virginia, សាកលវិទ្យាល័យ Colorado Boulder, សាកលវិទ្យាល័យនៃទីក្រុងញូវយ៉ក, សាកលវិទ្យាល័យបច្ចេកទេសនៃប្រទេសដាណឺម៉ាក និងសាកលវិទ្យាល័យ Copenhagen ដែលបានធ្វើឱ្យនាងឈ្នះឯតទគ្គកម្មពិភពលោកនេះ។
កញ្ញា Arathi Reghunath បាននិយាយថា នាងបានទទួលការណែនាំពីមហាវិទ្យាល័យដែលនាងកំពុងរៀនដើម្បីចូលរួមវគ្គសិក្សាតាមអនឡាញ ហើយវគ្គទាំងនោះគឺខុសៗគ្នា និងមានពេលរៀនម៉ោងខុសគ្នា។ នាងបានចែករំលែកថា អាថ៌កំបាំងនៅពីក្រោយភាពជោគជ័យរបស់នាង គឺនាងមានអ្នកអប់រំដ៏អស្ចារ្យជួយនាង។ នាងបានបន្ថែមថា៖«ដោយមានការគាំទ្រពីនាយកមហាវិទ្យាល័យខ្ញុំគឺលោក Ajims P Muhammed អ្នកសម្របសម្រួលវគ្គសិក្សាលោក Haneefa KG និងអ្នកគ្រូ Neelima T K ខ្ញុំបានបញ្ចប់វគ្គសិក្សាដែលខ្ញុំបានចុះឈ្មោះ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ»៕


អត្ថបទ៖ លីដា
ប្រភព៖ Worldofbuzz