ប្រពន្ធចិត្តព្រៃផ្សៃជួលគេឲ្យទៅសម្លាប់ប្តី ដើម្បីទទួលបានប្រាក់សំណងពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត
ថៃ៖ ស្ត្រីជនជាតិថៃម្នាក់ត្រូវចាប់ខ្លួនបន្ទាប់ពីរូបគាត់បានជួលឃាតករម្នាក់ឲ្យទៅសម្លាប់អតីតប្តីរបស់គាត់ ដើម្បីទទួលបានប្រាក់សំណងពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត។ ស្ត្រីរូបនេះមានឈ្មោះថា Bualoi Tala អាយុ ៦៣ ឆ្នាំ រស់នៅក្នុងខេត្តឈៀងម៉ៃភាគខាងជើងប្រទេសថៃ ខណៈបុរសជាអតីតប្តីនិងជាជនរងគ្រោះមានឈ្មោះថា Anan Thongmarn និងមានអាយុ ៥៨ ឆ្នាំ។ មុនពេលកើតហេតុប្តីប្រពន្ធមួយគូនេះមានជម្លោះជាមួយគ្នានិងបានបែកគ្នាមួយរយៈ តែមិនទាន់បានលែងលះគ្នាជាផ្លូវការនៅឡើយទេ ខណៈបើយោងទៅតាមច្បាប់នៃការទូទាត់ប្រាក់សំណងរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត គឺអ្នកស្រី Bualoi Tala នឹងត្រូវទទួលបានប្រាក់សំណងយ៉ាងច្រើន ក្រោយពេលដែលប្តីរបស់គាត់បានស្លាប់បាត់បង់ជីវិតទៅ។

ក្រោយពេលចាប់ខ្លួនអ្នកស្រី Bualoi Tala បានប្រាប់ប៉ូលិសថា គាត់គ្រាន់តែជួលគេឲ្យទៅវាយធ្វើបាបប្តីរបស់គាត់ឲ្យមានរបួសតែប៉ុណ្ណោះ មិនមែនឲ្យទៅសម្លាប់គាត់នោះទេ។ តែយ៉ាងណាក្តី ប៉ូលិសជំនាញថៃបានរកឃើញការពិតថា ស្រីជាជនដៃដល់បានជួលឃាតករម្នាក់ដែលមានឈ្មោះថា Pankaew KhanKaew អាយុ ៤៨ ឆ្នាំ ក្នុងទឹកប្រាក់ចំនួន ៤០ ០០០ បាត (១ ២៨៨ ដុល្លារអាមេរិក) ដើម្បីឲ្យគាត់ទៅបំពុលសម្លាប់បុរសប្តីកាលពីសប្តាហ៍មុននេះ។ ពេលនេះទាំងអ្នកជួលនិងឃាតកស៊ីឈ្មួលត្រូវប៉ូលិសចាប់ខ្លួនបានអស់ហើយ ដោយពួកគាត់ត្រូវប្រឈមនឹងការជាប់គុករយៈពេលជាច្រើនឆ្នាំផងដែរក្នុងករណីឃាតកម្មដោយចេតនាមួយនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger