ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទឹកជំនន់នៅវៀតណាមបានសម្លាប់មនុស្ស ២៣នាក់ និងធ្វើឱ្យបាត់ខ្លួន ១៤នាក់ ខណៈព្យុះណាងកា នឹងនាំមកនូវទឹកភ្លៀងបន្ថែមទៀតចាប់ពីស្អែកតទៅ

    BY autoadmin October 13, 2020
    ទឹកជំនន់នៅវៀតណាមបានសម្លាប់មនុស្ស ២៣នាក់ និងធ្វើឱ្យបាត់ខ្លួន ១៤នាក់ ខណៈព្យុះណាងកា នឹងនាំមកនូវទឹកភ្លៀងបន្ថែមទៀតចាប់ពីស្អែកតទៅ

    ចំនួនអ្នកស្លាប់ដោយទឹកជំនន់នៅប្រទេសវៀតណាមបានកើនឡើងដល់ ២៣នាក់ ហើយអាជ្ញាធរបាននិយាយថា ព្យុះថ្មីមួយឈ្មោះថា ណាងកា (Nangka) នឹងធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅលើប្រទេសប៉ុន្មានថ្ងៃជាប់ៗគ្នាខាងមុខនេះ។ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថា ទឹកជំនន់ក៏បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៤នាក់បាត់ខ្លួន នៅតាមបណ្ដាខេត្តភាគកណ្តាលរបស់ប្រទេសផងដែរ។

    អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិបាននិយាយថា ជនរងគ្រោះភាគច្រើនត្រូវបាននាំទៅដោយទឹកជំនន់ ហើយអាជ្ញាធរមូលដ្ឋានបានជម្លៀសប្រជាជនជិត ៤៦,០០០នាក់ ចេញពីតំបន់រងគ្រោះ។ ទីភ្នាក់ងារបានបន្ថែមថា ទឹកជំនន់បានធ្វើឱ្យជន់លិចផ្ទះជាង ១០៩,០០០ខ្នង និងដំណាំចំនួន ១,៤៤៣ អាក្រេ (៥៨៤ហិកតា) ហើយផ្លូវថ្នល់ និងស្ពានត្រូវខូចខាត។ ដោយឡែកកាលពីថ្ងៃច័ន្ទនេះមានការបាក់ដីមួយ បានកប់កម្មករសំណង់ ១៣នាក់ នៅឯទំនប់វារីអគ្គិសនីមួយ នៅខេត្ត Thua Thien Hue ភាគកណ្តាល។

    ស្ថានការណ៍កាន់តែអាក្រក់ទៅៗកាលពីចុងសប្តាហ៍ នៅពេលដែលព្យុះត្រូពិច Linfa បានធ្វើឱ្យមានសម្ពាធទាប និងបាននាំមកនូវភ្លៀងធ្លាក់បន្ថែមទៀតដល់តំបន់ ហើយស្អែកនេះព្យុះណាងកានឹងចូលមកដល់ ដែលនឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងថែមទៀត។ ព្យុះត្រូវបានគេព្យាករណ៍ថា នឹងមកដល់ប្រទេសវៀតណាមនៅថ្ងៃពុធ ហើយបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ ៤០០ មីលីម៉ែត្រ នៅផ្នែកខ្លះនៃភាគខាងជើងនិងភាគកណ្តាលប្រទេសវៀតណាម ចាប់ពីថ្ងៃពុធដល់ថ្ងៃសុក្រ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Vietnam Insider

    Share This Post: