ការសិក្សារបស់ WHO បាននិយាយថា ថ្នាំ Remdesivir មានប្រសិទ្ធិភាពតិចតួច ក្នុងការប្រឆាំងនឹងវីរុសកូវីដ១៩
តាមការសាកល្បងព្យាបាលដោយអង្គការសុខភាពពិភពលោក (WHO) បានរកឃើញថា Remdesivir របស់ក្រុមហ៊ុនឱសថ Gilead Sciences គឺមានប្រសិទ្ធិភាពតិចតួច ឬគ្មានប្រសិទ្ធភាពទាល់តែសោះ ចំពោះការកាត់បន្ថយអត្រាមរណៈ ឬរយៈពេលសម្រាកព្យាបាលរបស់អ្នកជំងឺ COVID-19 ។ គួររំលឹកផងដែរថាថ្នាំប្រឆាំងវីរុសនេះ ជាថ្នាំមួយក្នុងចំណោមថ្នាំដំបូងគេ ដែលត្រូវបានប្រើសម្រាប់ការព្យាបាលជំងឺ COVID-19 ហើយក៏ជាថ្នាំមួយក្នុងចំណោមថ្នាំដែលត្រូវបានព្យាបាលជំងឺរបស់លោក ដូណាល់ ត្រាំ ផងដែរ។

លទ្ធផលគឺចេញពីការសាកល្បង «សាមគ្គីភាព» របស់អង្គការសុខភាពពិភពលោក ដែលបានវាយតម្លៃផលប៉ះពាល់នៃថ្នាំដែលមានសក្តានុពលចំនួន ៤ រួមមាន៖ Remdesivir, Hydroxychloroquine, ថ្នាំប្រឆាំងនឹងមេរោគអេដស៍រួមបញ្ជូលគ្នា lopinavir/ritonavir និងថ្នាំ Interferon នៅក្នុងចំណោមអ្នកជំងឺ COVID-19 ចំនួន ១១,២៦៦នាក់ មកពីប្រទេសចំនួន ៣០ ។
យ៉ាងណា Gilead Sciences បានប្រាប់រ៉យទ័រថា៖«ទិន្នន័យរបស់ WHO ហាក់ដូចជាមិនស៊ីគ្នាជាមួយនឹងភ័ស្តុតាងរឹងមាំពីការស្រាវជ្រាវជាច្រើន ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិ លើអត្ថប្រយោជន៍នៃការព្យាបាលដោយ Remdesivir ។ យើងមានការព្រួយបារម្ភចំពោះទិន្នន័យពីការសាកល្បងនេះ ដែលមិនបានឆ្លងកាត់ការពិនិត្យឡើងវិញយ៉ាងម៉ត់ចត់ ដែលត្រូវការជាចាំបាច់ដើម្បីអនុញ្ញាតឱ្យមានការពិភាក្សាបែបវិទ្យាសាស្ត្រ ជាពិសេសផ្តល់នូវដែនកំណត់ច្បាស់លាស់នៃការព្យាបាលសាកល្បង»៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia