អន្តរជាតិ

ថៃប្រកាសដាក់ប្រទេសក្រោមភាពអាសន្នជាបន្ទាន់ ដើម្បីគ្រប់គ្រងការតវ៉ាទ្រង់ទ្រាយធំនាពេលថ្មីៗនេះ

BY
autoadmin
October 16, 2020

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃបានហាមឃាត់ការប្រមូលផ្តុំមនុស្ស ៥នាក់ ឬច្រើនជាងនេះ និងការផ្សព្វផ្សាយព័ត៌មាន ឬសារតាមអ៉ីនធឺណេត ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ បន្ទាប់ពីក្រឹត្យបន្ទាន់មួយត្រូវបានប្រកាសទាំងព្រឹក ដើម្បីបញ្ចប់ការតវ៉ារបស់ក្រុមបាតុករ។ ការតវ៉ានៅប្រទេសថៃបានកើតឡើងអស់រយៈពេល ៣ខែ រួចមកហើយ ខណៈកាលពីល្ងាចថ្ងៃពុធកន្លងទៅនេះ ក្រុមអ្នកតវ៉ាបានបោះជំរំនៅខាងក្រៅវិមានរដ្ឋាភិបាល  ដើម្បីទាមទារឱ្យនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចានអូចា ចុះចេញពីតំណែង។

ទូរទស្សន៍របស់រដ្ឋបានប្រកាសថា៖«វាចាំបាច់ណាស់ក្នុងការណែនាំវិធានការណ៍បន្ទាន់មួយ ដើម្បីបញ្ចប់ស្ថានភាពនេះប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស ដើម្បីថែរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់»។ ការប្រកាសនេះត្រូវបានអមដោយឯកសារដែលដាក់ចេញនូវវិធានការណ៍ ដែលចូលជាធរមានចាប់ពីម៉ោង ៤ព្រឹក ដើម្បីហាមឃាត់ការជួបជុំធំៗ និងអនុញ្ញាតឱ្យអាជ្ញាធរហាមឃាត់ប្រជាជនមិនឱ្យចូលក្នុងតំបន់ណាមួយដែលពួកគេបានកំណត់។ វាក៏ហាមឃាត់ការផ្សព្វផ្សាយព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ និងព័ត៌មានអេឡិចត្រូនិក ដែលមានសារដែលអាចបង្កើតការភ័យខ្លាច ឬបំភាន់ព័ត៌មាន ដោយបង្កើតការយល់ច្រឡំដែលនឹងប៉ះពាល់ដល់សន្តិសុខជាតិ ឬសន្តិភាពនិងសណ្តាប់ធ្នាប់។

ភ្លាមៗបន្ទាប់ពីក្រឹត្យបន្ទាន់បានចូលជាធរមាន ប៉ូលីសប្រឆាំងកុបកម្មក៏បានចាប់ផ្ដើមធ្វើសកម្មភាពលើអ្នកតវ៉ា ដែលបានបោះជំរំក្រៅវិមានរដ្ឋាភិបាលកាលពីយប់ថ្ងៃពុធ ប៉ុន្តែមនុស្សរាប់ពាន់នាក់ដែលបានតវ៉ានៅទីនោះបានចាកចេញរួចទៅហើយ។ លុះនៅពេលព្រឹកព្រលឹមប៉ូលីសរាប់រយនាក់បានកាន់កាប់តាមដងផ្លូវដែលនៅក្បែរនោះ ហើយកម្មករទីក្រុងក៏បានចាប់ផ្តើមសម្អាតផ្លូវ។ ប្រភពនិយាយថា យ៉ាងហោចណាស់មេដឹកនាំបាតុកម្ម ៣នាក់ ត្រូវបានចាប់ខ្លួន ប៉ុន្តែខាងប៉ូលីសមិនបានធ្វើអត្ថាធិប្បាយលម្អិតភ្លាមៗនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: