បុរសឥណ្ឌាម្នាក់ត្រូវគេច្រឡំថាស្លាប់ ហើយយកទៅក្លាសេអស់ ២០ ម៉ោងទើបដឹងថា គាត់នៅមានជីវិតនៅឡើយ (មានវីដេអូ)
- BY
- autoadmin
- October 23, 2020
ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាម្នាក់ត្រូវបានគេជួយសង្គ្រោះយកចេញពីកន្លែងក្លាសេសាកសពមកវិញ បន្ទាប់ពីរូបគាត់ត្រូវបានគេយកទៅដាក់ក្នុងមឈូសក្លាសេនៅកន្លែងតម្កល់សាកសពមួយកន្លែងអស់រយៈ ២០ ម៉ោងដោយគេស្មានថា គាត់បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Tamil Nadu ភាគខាងជើងប្រទេសឥណ្ឌា ខណៈបុរសដែលត្រូវបានក្រុមគ្រួសារយល់ច្រឡំថាបានស្លាប់នេះមានឈ្មោះថា Balasubramanian Kumar អាយុ ៧៤ ឆ្នាំ និងជាមនុស្សមានជំងឺរ៉ាំរ៉ៃប្រចាំកាយនិងត្រូវសម្រាកព្យាបាលនៅលើគ្រែជាយូរមកហើយ។
ប្រភពខាងលើបានបន្តថា តាមប្រពៃណីនៅតំបន់កើតហេតុខាងលើ បន្ទាប់ពីស្លាប់ភ្លាមសាកសពត្រូវបញ្ជូនទៅរក្សាទុកនៅក្នុងក្រុមហ៊ុនផ្តល់សេវាក្លាសេរក្សាសាកសពជាមួយសិនមុននឹងយកមកបូជាឬបញ្ចុះតាមកម្មពិធីបុណ្យ។ យ៉ាងណាក្តី ចំពោះករណីខាងលើនេះមានបុគ្គលិករបស់ក្រុមហ៊ុនផ្តល់សេវាក្លាសេរក្សាសាកសពម្នាក់ដែលត្រូវទៅពិនិត្យសាកសពរបស់លោក Balasubramanian Kumar បានឃើញគាត់នៅមានចលនាទើបសម្រេចយកគាត់ចេញមកវិញនិងទីបំផុតបានរកឃើញថា គាត់នៅមានជីវិតនៅឡើយ។ ក្រោយកើតមានករណីកម្រនេះប៉ូលិសក៏បានបើកការស៊ើបអង្កេតផងដែរនិងបានរកឃើញការពិតថា គ្រួសាររបស់លោក Balasubramanian Kumar ពិតជាបានយល់ច្រឡំថាគាត់សម្លាប់មែនទើបបញ្ជូនគាត់ទៅក្លេសេ តែវាមិនមែនជាករណីមានចេតនាសម្លាប់គាត់ដើម្បីទទួលបានផលប្រយោជន៍អ្វីមួយនោះទេ៕
អត្ថបទ៖ភក្តី
ប្រភព៖ Daily Mail
- Share This Post: