អន្តរជាតិ

ថៃកំពុងពិចារណាកាត់បន្ថយចំនួនថ្ងៃសម្រាប់ធ្វើចត្តាឡីស័កពី ១៤ ថ្ងៃមកសល់ត្រឹម ១០ ថ្ងៃ

BY
autoadmin
October 21, 2020

ថៃ៖  នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៅក្នុងប្រទេសថៃបានផ្តល់អនុសាសន៍ឲ្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ កាត់បន្ថយចំនួនថ្ងៃសម្រាប់ធ្វើចត្តាឡីស័កពី ១៤ ថ្ងៃមកសល់ត្រឹម ១០ ថ្ងៃ។ យ៉ាង​ណាក្តី បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា សេចក្តីសម្រេចចំពោះវិធានការខាងលើនេះនឹងត្រូវធ្វើឡើងជាច្រើនដំណាក់កាល ដោយកាលពីសប្តាហ៍មុន នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងត្រូវដាក់សំណើផ្លូវការមួយទៅកាន់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ ​ដើម្បីសុំពិភាក្សានិងលើកយោបល់ចំពោះប្រធានបទខាងលើនេះ ហើយការសម្រេចផ្លូវការចុងក្រោយអាចនឹងត្រូវធ្វើឡើងនៅចុងខែនេះ។

បើតាមលោកវេជ្ជបណ្ឌិត  Sophon Iamsirithavorn ដែលជាប្រធានផ្នែកជំងឺឆ្លងបានឲ្យដឹង ការកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កនេះនឹងមិនប៉ះពាល់ដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងជំងឺកូវីដ ១៩ នោះទេ ព្រោះតាមបទពិសោធណ៍កន្លងមកគេបានមើលឃើញថា ភាគច្រើននៃអ្នកដែលបានធ្វើចត្តាឡីស័កដោយគ្មានចេញរោគសញ្ញាត្រឹមតែ ១០ ថ្ងៃគឺពួកគេគ្មានឆ្លងជំងឺនោះទេ។ វេជ្ជបណ្ឌិតរូបនេះបានបន្តថា ការកាត់បន្ថយចំនួនថ្ងៃសម្រាប់ធ្វើចត្តាឡីស័កនឹងជួយសន្សំសំចៃការចំណាយមួយផ្នែករបស់អាជ្ញាធរសុខាភិបាល ហើយសម្រាប់ពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័កវិញក៏ចំណេញដែរព្រោះពួកគេឆាប់បានចេញទៅប្រកបការងារជាធម្មតាវិញ៕

អត្ថបទ៖ភក្តី

ប្រភព៖ Bangkok Post

Share This Post: