អន្តរជាតិ

ប្រទេស​រុស្ស៊ីអនុម័តវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ទី២របស់ខ្លួន ហើយថាវ៉ាក់សាំងទី៣ នឹងត្រូវចុះបញ្ជីនៅចុងឆ្នាំនេះ

BY
autoadmin
October 17, 2020

ប្រទេសរុស្ស៊ីបានអនុម័តវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ទី២របស់ខ្លួន ហើយក៏បាននិយាយដែរថា វ៉ាក់សាំងទី៣ នឹងជិតបានចុះបញ្ជីដូចគ្នា ខណៈដែលទីក្រុងមូស្គូព្យាយាមធ្វើខ្លួនជាតួអង្គសំខាន់មួយ នៅក្នុងការប្រណាំងប្រជែងជាសកល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត COVID-19។ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធថា វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយ មជ្ឈមណ្ឌលស្រាវជ្រាវវិសាណូសាស្ដ្រ និងជីវបច្ចេកវិទ្យា VECTOR ដែលជាអតីតមន្ទីរពិសោធន៍ស្រាវជ្រាវជីវឧស្ម័នសូវៀត។

ក្នុងនោះក្រុមមន្ត្រីរុស្ស៊ីបាននិយាយថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ទី៣ អាចត្រូវបានអនុម័តនៅក្នុងខែធ្នូខាងមុខនេះ។ គួររំលឹកដែរថា រុស្ស៊ីបានក្លាយជាប្រទេសដំបូងគេ ដែលបានអនុម័តវ៉ាក់សាំង COVID-19 នៅក្នុងខែសីហា ទោះបីជាមានការសង្ស័យពីអ្នកវិទ្យាសាស្ត្រ និងអ្នកនយោបាយលោកខាងលិច ចំពោះល្បឿនដែលវាត្រូវបានបង្កើតក៏ដោយ។ វ៉ាក់សាំងចុះបញ្ជីដំបូងនោះឈ្មោះថា Sputnik V ដែលត្រូវបានគេដាក់ឱ្យប្រើប្រាស់ជាបន្ទាន់ បន្ទាប់ពីបានសាកល្បងលើមនុស្សតែ ៧៦នាក់ ប៉ុណ្ណោះ។

ទោះជាយ៉ាងណាចាប់តាំងពីពេលនោះមក អ្នកវិទ្យាសាស្ត្ររុស្ស៊ីបានបញ្ចេញទិន្នន័យវិជ្ជមានពីការសិក្សាដំបូង និងឈានដល់ការសាកល្បងទ្រង់ទ្រាយធំ ដែលត្រូវបានគេស្គាល់ថាដំណាក់កាលទី៣ របស់វ៉ាក់សាំង Sputnik V ហើយលោក ពូទីន បានប្រាប់ការប្រជុំគណៈរដ្ឋមន្រ្តីថា ប្រទេសត្រូវតែបង្កើនការផលិតទាំងវ៉ាក់សាំងទីមួយ និងទីពីរ។ ទីក្រុងមូស្គូក៏បានទទួលកិច្ចព្រមព្រៀងលក់ Sputnik V ទៅកាន់ប្រទេសដទៃទៀតផងដែរ រួមមាន ប្រេស៊ីល ឥណ្ឌា និងម៉ិកស៊ិក ដែលអ្នកវិភាគបានហៅវាថា ជាផ្លូវសម្រាប់រុស្ស៉ី ដើម្បីប្រើអំណាចស្រទន់របស់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ The Wall Street Journal

Share This Post: