សហរដ្ឋអាមេរិកបានធ្វើការចោទប្រកាន់មន្រ្តីចារកម្មយោធារុស្ស៊ី ៦នាក់ ពីបទរៀបចំការវាយប្រហារតាមអ៉ីនធឺណេតចន្លោះឆ្នាំ២០១៥ និង ២០១៩
ក្រសួងយុត្តិធម៌អាមេរិកនិយាយថា មន្រ្តីស៊ើបការណ៍សម្ងាត់របស់រុស្ស៊ីចំនួន ៦នាក់ ត្រូវបានចោទប្រកាន់ពីបទរៀបចំការវាយប្រហារតាមអ៉ីនធឺណេត ដែលផ្តោតលើអង្គភាពរដ្ឋាភិបាល និងអង្គការដទៃទៀតចន្លោះឆ្នាំ២០១៥ និង ២០១៩ ។ លោក John Demers ជំនួយការអគ្គព្រះរាជអាជ្ញាសន្តិសុខជាតិបាននិយាយកាលពីថ្ងៃច័ន្ទថា៖«យើងប្រកាសចោទប្រកាន់បទឧក្រិដ្ឋប្រឆាំងនឹងការឃុបឃិតរបស់មន្រ្តីចារកម្មយោធារុស្ស៊ី ដែលត្រូវបានចោទប្រកាន់ពីបទ បានធ្វើសកម្មភាពវាយប្រហារតាមកុំព្យូទ័រដែលបង្ករការរំខាន និងការបំផ្លាញបំផុត»។

អ្នកទាំង ៦នាក់ ត្រូវប្រឈមនឹងការចោទប្រកាន់ជាបន្តបន្ទាប់រួមមាន៖ ការសមគំនិតក្នុងការលួចបន្លំនិងការរំលោភបំពានតាមបណ្ដាញ ការលួចបន្លំនិងការលួចអត្តសញ្ញាណ ដែលក្រុមមន្រ្តីបាននិយាយថា ការវាយប្រហារបានបណ្តាលឱ្យខាតបង់ច្រើនជាង ១០ពាន់លានដុល្លារ។ បើយោងតាមការចោទប្រកាន់ ជនជាប់ចោទបានលួចចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ នៅប្រទេសកូរ៉េខាងត្បូង និងលុបទិន្នន័យចេញពីកុំព្យូទ័ររាប់ពាន់ដែលទាក់ទងនឹងព្រឹត្តិការណ៍នេះ។
ពួកអ្នកវាយប្រហារក៏បានបង្អាក់ការផ្គត់ផ្គង់ថាមពលរបស់អ៊ុយក្រែននៅពាក់កណ្តាលរដូវរងារ និងធ្វើឱ្យខូចខាតដល់ប្រតិបត្តិការនៃប្រព័ន្ធថែទាំសុខភាពនៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ ក្រុមមន្រ្តីក៏បានចោទប្រកាន់ជនជាតិរុស្ស៊ីទាំងនោះថា បានរំខានដល់ការបោះឆ្នោតឆ្នាំ២០១៧ នៅប្រទេសបារាំង ដែលបានកំណត់គោលដៅទៅលើមន្ត្រីគណបក្សនយោបាយ។ មន្រ្តីរដ្ឋាភិបាលអង់គ្លេសដែលបានចូលរួមក្នុងការស៊ើបអង្កេតបាននិយាយថា ការវាយប្រហារនេះក៏សំដៅទៅលើអង្គការដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកឆ្នាំ២០២០ មុនពេលព្រឹត្តិការណ៍ត្រូវបានពន្យារពេលផងដែរ។
រំលឹកដែរថាការប្រកួតកីឡាអូឡាំពិកពីដំបូងត្រូវបានគេគ្រោងនឹងធ្វើនៅរដូវក្តៅនេះ ប៉ុន្តែត្រូវបានរុញច្រានរហូតដល់ឆ្នាំក្រោយ ដោយសារការឆ្លងរាលដាលនៃជំងឺ COVID-19 ។ មន្ត្រីក្រសួងយុត្តិធម៌និយាយថា ពេលវេលានៃការចោទប្រកាន់នេះមិនទាក់ទងនឹងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលខាងមុខនោះទេ ប៉ុន្តែបាននិយាយថា អ្នកបោះឆ្នោតគួរតែមានអារម្មណ៍ជឿជាក់ថា សន្លឹកឆ្នោតរបស់ពួកគេនឹងត្រូវបានរាប់យ៉ាងត្រឹមត្រូវ៕



អត្ថបទ៖ លីដា
ប្រភព៖ NHK