ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង់គ្លេសនឹងក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលគ្រោងតេស្ដវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដោយឱ្យមនុស្សធម្មតាប៉ះពាល់ដោយផ្ទាល់ជាមួយនឹងវីរុស

    BY autoadmin October 20, 2020
    អង់គ្លេសនឹងក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលគ្រោងតេស្ដវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដោយឱ្យមនុស្សធម្មតាប៉ះពាល់ដោយផ្ទាល់ជាមួយនឹងវីរុស

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ចក្រភពអង់គ្លេសកំពុងគ្រោងនឹងក្លាយជាប្រជាជាតិដំបូងគេនៅក្នុងពិភពលោក ដែលនឹងដាក់មនុស្សមានសុខភាពល្អចំនួន ៩០នាក់ ឱ្យប៉ះផ្ទាល់ដោយចេទនាជាមួយវីរុសកូរ៉ូណា ដើម្បីពន្លឿនការសិក្សាសាកល្បង ឱ្យឈានដល់ការបង្កើតវ៉ាក់សាំងដែលមានប្រសិទ្ធភាព។ ការសាកល្បងនេះគ្រោងធ្វើនៅខែមករា ខណៈរដ្ឋាភិបាលក៏បានត្រៀមប្រាក់ជាង ៣៣ លានផោន ឬ ជាង៤៣លានដុល្លារ សម្រាប់ការសិក្សាមិនធ្លាប់មានពីមុននេះផងដែរ។

    អ្នកជំនាញបាននិយាយថា សុវត្ថិភាពនឹងក្លាយជាអាទិភាពទីមួយ ហើយផែនការនេះនឹងត្រូវការការយល់ព្រមប្រកបដោយក្រមសីលធម៌ និងការយល់ព្រមពីនិយតករ មុនពេលពួកគេអាចដំណើរការទៅមុខបាន។ ការសិក្សានេះត្រូវបានគេមើលឃើញថា ជាវិធីលឿនជាងមុនដើម្បីតេស្ដរកវ៉ាក់សាំងមានប្រសិទ្ធភាព ដែលមានន័យថាពួកគេហ្នឹងមិនចាំបាច់រង់ចាំមើលលទ្ធផលវ៉ាក់សាំង ពីមនុស្សទូទៅដែលមិនមែនជាអ្នកចូលរួមសិក្សានោះទេ។

    អ្នកចូលរួមគឺមានអាយុពី ១៨ ទៅ ៣០ឆ្នាំ ហើយអ្នកស្រាវជ្រាវនឹងធ្វើការសាកល្បងថា តើកម្រិតវីរុសប៉ុនណាទើបអាចចម្លងជំងឺទៅពួកគេបាន។ អ្នកចូលរួមទាំងនេះនឹងត្រូវប៉ះពាល់ជាមួយវីរុសតាមរយៈច្រមុះ ខណៈត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់បន្ទាប់ពីនោះ។

    ជំហានបន្ទាប់គឺអ្នកស្រាវជ្រាវអាចតេស្ដបានថា តើវ៉ាក់សាំងនោះអាចទប់ស្កាត់ការចម្លងនៃជំងឺ COVID-19 ឬទេ។ អ្នកចូលរួមទាំងអស់ក៏នឹងត្រូវបានតាមដានសុខភាពរយៈពេល ១ឆ្នាំ បន្ទាប់មកទៀត ដើម្បីពិនិត្យមើលថាពួកគេធ្វើទុក្ខជាមួយវ៉ាក់សាំងឬអត់។ ដំណាក់កាលដំបូងនៃគម្រោងនេះនឹងត្រូវធ្វើឡើងដោយមហាវិទ្យាល័យ Imperial នៃទីក្រុងឡុង, ក្រុមជំនាញនិងសុវត្ថិភាពនៃមន្ទីរពេទ្យ Royal Free និងក្រុមហ៊ុន hVIVO ដែលពួកគេមានភាពជាដៃគូនៅក្នុងការសិក្សារួមគ្នានេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: