អន្តរជាតិ

CDC អាមេរិកនិយាយថា អ្នកជំងឺកូវីដ១៩ មានហានិភ័យស្លាប់នៅមន្ទីរពេទ្យ ច្រើនជាងអ្នកជំងឺគ្រុនផ្ដាសាយ ៥ដង

BY
autoadmin
October 21, 2020

របាយការណ៍ថ្មីមួយរបស់ មជ្ឈមណ្ឌល​​ត្រួត​​ពិនិត្យ​និង​បង្កា​ជំងឺ​ឆ្លង (CDC) ដោយផ្អែកលើកំណត់ត្រារបស់អ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យចំនួន ៩,០០០នាក់ បាននិយាយថា ហានិភ័យនៃការស្លាប់ដោយសារជំងឺ COVID-19 របស់អ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងនោះ គឺខ្ពស់ជាង ៥ដង ធៀបនឹងជំងឺគ្រុនផ្តាសាយតាមរដូវ។ ក្នុងនោះ CDC បាននិយាយថា៖«បើប្រៀបធៀបជាមួយអ្នកជំងឺគ្រុនផ្តាសាយ អ្នកដែលមានជំងឺ COVID-19 មានហានិភ័យស្លាប់ខ្ពស់ជាង ៥ដង ហានិភ័យនៃការចូល ICU ទ្វេដង និងពេលវេលាសម្រាកព្យាបាលយូរជាង ហើយប្រឈមនឹងហានិភ័យខ្ពស់ចំពោះផលវិបាកចំនួន ១៧ ដូចជា៖ ផ្លូវដង្ហើមធ្ងន់ធ្ងរ សរសៃឈាមបេះដូង ជំងឺឈាម (Hematologic) សរសៃប្រសាទ តម្រងនោម និងផ្សេងៗទៀត។

ការស្រាវជ្រាវបានរកឃើញថា ខណៈដែល ២១% នៃអ្នកជំងឺ COVID-19 ទាំងអស់ ដែលមាននៅក្នុងការសិក្សាបានស្លាប់ ចំនួនអ្នកស្លាប់ដោយសារគ្រុនផ្ដាសាយគឺមានតែ ៣.៨% ឬទាបជាង ៥ដង។ CDC បាននិយាយថា បន្ថែមពីលើការស្លាប់ច្រើនជាងជំងឺគ្រុនផ្តាសាយទូទៅ ជំងឺ COVID-19 នាំឱ្យមានផលវិបាកជាច្រើន ដែលទំនងជាមិនសូវកើតមានចំពោះអ្នកជំងឺគ្រុនផ្តាសាយ ដែលសម្រាកនៅមន្ទីរពេទ្យដូចគ្នាទេ។ ខណៈដែលរោគសញ្ញានៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ឬ ARDS កំពុងធ្វើឱ្យមានការ​ព្រួយបារម្ភខ្លាំង អ្នកជំងឺ COVID-19 គឺមានរោគសញ្ញាផ្លូវដង្ហើមច្រើនជាងអ្នកជំងឺផ្ដាសាយ ១៩ដង។

ទីភ្នាក់ងារនេះក៏បានកត់សម្គាល់ផងដែរថា ជនភាគតិច (បរទេសដែលរស់នៅអាមេរិក) ហាក់ដូចជាងាយនឹងទទួលរងគ្រោះដោយជំងឺ COVID-19 មានហានិភ័យខ្ពស់ចំពោះជំងឺផ្លូវដង្ហើម សរសៃប្រសាទ និងតម្រងនោម ក៏ដូចជាជំងឺឆ្លងពេញក្នុងខ្លួន Sepsis ជាងជនជាតិអាមេរិកស្បែកស។ អ្នកស្រាវជ្រាវអះអាងថា ភាពខុសគ្នានេះមិនអាចត្រូវបានពន្យល់ដោយផ្អែកតាមអាយុ ឬលក្ខខណ្ឌវេជ្ជសាស្ត្រទេ។ ហើយស្ទើរតែពាក់កណ្តាលនៃអ្នកជំងឺ COVID-19 (៤៨.៣%) គឺជាជនស្បែកខ្មៅ ខណៈអ្នកជំងឺផ្តាសាយ ជាជនស្បែកខ្មៅ មានត្រឹមតែមួយភាគបួនប៉ុណ្ណោះ (២៤.៧%)៕

អត្ថបទ៖ លីដា
ប្រភព៖ RT

Share This Post: