អន្តរជាតិ

រដ្ឋាភិបាលជប៉ុនចូលរួមវិភាគទានចំនួន ២.៨លានដុល្លារ សម្រាប់ជំនួយស្បៀងអាហារនៅប៉ាឡេស្ទីន តាមរយៈតាមរយៈកម្មវិធីស្បៀងអាហារពិភពលោក

BY
autoadmin
October 21, 2020

រដ្ឋាភិបាលជប៉ុនបានចូលរួមវិភាគទានចំនួន ២.៨ លានដុល្លារ សម្រាប់ជំនួយស្បៀងអាហារនៅប៉ាឡេស្ទីន តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ។ តំណាងប្រទេសជប៉ុនប្រចាំនៅប៉ាឡេស្ទីនលោក Magoshi Masayuki និងតំណាង WFP ប្រចាំនៅប៉ាឡេស្ទីនលោក Stephen Kearney បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃអង្គារ នៅឯទីក្រុង Ramallah ភាគខាងលិចប៉ាឡេស្ទីន។

រំលឹកដែរថាកម្មវិធីស្បៀងអាហារពិភពលោក ទើបតែបានបានឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២០ ហើយវាក៏កំពុងផ្តល់ជំនួយស្បៀងអាហារដល់ប្រជាជនប្រហែល ៣៥០,០០០នាក់ នៅប៉ាឡេស្ទីន។ ២/៣ នៃការចូលរួមចំណែករបស់ជប៉ុននៅពេលនេះនឹងត្រូវប្រើសម្រាប់គូប៉ុងអាហារ ហើយថវិកាដែលនៅសល់នឹងត្រូវប្រើដើម្បីទិញអាហារកំប៉ុង។

លោក Magoshi Masayuki បាននិយាយថា ការផ្តល់អាហារដល់ប្រជាជនដែលខ្វះខាតនឹងជួយទ្រទ្រង់ជីវិតរបស់ពួកគេ ហើយជប៉ុននឹងបន្តផ្តល់ជំនួយជាបន្ដបន្ទាប់។ ចំណែកលោក Stephen Kearney បាននិយាយថា អាហារគឺចាំបាច់សម្រាប់រក្សាសន្តិភាព។ លោកថាការគាំទ្រពីប្រទេសជប៉ុនគឺពិតជាចាំបាច់ខ្លាំងណាស់ សម្រាប់សកម្មភាពរបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) ហើយសម្រាប់ប្រជាជនគឺថា ពួកគេនឹងអាចទទួលបានអាហារនៅថ្ងៃស្អែក៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: