នាយករដ្ឋមន្រ្តីថៃនិយាយថា លោកនឹងដកក្រឹត្យបន្ទាន់នៅទីក្រុងបាងកកភ្លាម ប្រសិនបើគ្មានហិង្សាកើតឡើង
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយនៅយប់ថ្ងៃពុធ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចានអូចា មានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោកកំពុងរៀបចំដកក្រឹត្យបន្ទាន់ នៅក្នុងទីក្រុងបាងកកក្នុងពេលឆាប់ៗនេះ ប្រសិនបើមិនមានឧប្បត្តិហេតុហិង្សាកើតឡើងទេ។ គួររំលឹកដែរថា រដ្ឋាភិបាលថៃបានប្រកាសដាក់អាសន្នសម្រាប់ទីក្រុងបាងកក ដែលហាមឃាត់ការប្រមូលផ្តុំមនុស្ស ៥នាក់ ឬច្រើនជាងនេះ កាលពីថ្ងៃទី១៥ ខែតុលា។

ការធ្វើបាតុកម្មធំៗត្រូវបានធ្វើឡើងទាំងនៅ និងជុំវិញរាជធានីរយៈពេល ៨ថ្ងៃជាប់ៗគ្នា ចាប់តាំងពីថ្ងៃទី១៤ ខែតុលា។ កាលពីថ្ងៃពុធ ក្រុមយុវជនបានធ្វើបាតុកម្មនៅជិតការិយាល័យនាយករដ្ឋមន្រ្តី នៅសាកលវិទ្យាល័យ និងកន្លែងផ្សេងទៀត ដែលនាំឱ្យមានការប៉ះទង្គិចគ្នាជាមួយក្រុមដែលចង់ការពាររាជាធិបតេយ្យ។ ក្រុមអ្នកតវ៉ានិយាយថា រដ្ឋាភិបាលកំពុងឃុំខ្លួនមេដឹកនាំរបស់ពួកគេក្រោមក្រឹត្យនេះ។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍លោក ប្រាយុទ្ធ បានអះអាងថា ក្រុមបាតុករដែលកាន់កំណាត់ដែក និងការប្រើប្រាស់កាណុងបាញ់ទឹកដោយប៉ូលីសនឹងមិននាំឱ្យមានសង្គមល្អប្រសើរទេ។ នាយករដ្ឋមន្រ្តីថៃបានបញ្ជាក់ថា ការប្រជុំសភាវិសាមញ្ញនឹងត្រូវធ្វើឡើងនៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ ដើម្បីពិភាក្សាពីវិធានការណ៍នានាទាក់ទងនឹងបាតុកម្មនេះ៕



អត្ថបទ៖ លីដា
ប្រភព៖ NHK