ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តំបន់អឺរ៉ុបកំពុងប្រឈមនឹងការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ១៩ ខណៈបណ្ដាប្រទេសនៅក្នុងតំបន់កំពុងចាត់វិធានការរឹតត្បឹតឡើងវិញ

    BY autoadmin October 23, 2020
    តំបន់អឺរ៉ុបកំពុងប្រឈមនឹងការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ១៩ ខណៈបណ្ដាប្រទេសនៅក្នុងតំបន់កំពុងចាត់វិធានការរឹតត្បឹតឡើងវិញ

    ប្រទេសបារាំងបានពង្រីកវិធានការបំរាមគោចរ ដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺ COVID-19 ។ វាគឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសអឺរ៉ុប ដែលបានមើលឃើញពីការកើនឡើងនៃការឆ្លងនាពេលថ្មីៗចុងក្រោយនេះ។ ប្រទេសបារាំងបានបញ្ជាក់ពីករណីថ្មីខ្ទង់ ៤ម៉ឺនករណី ជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍នេះ ជាមួយការឆ្លងចំនួន ៤១,៦២២ករណី។ ឥឡូវនេះមានការព្រួយបារម្ភកាន់តែខ្លាំងឡើងដែលថា ប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសអាចនឹងត្រូវពេញដោយអ្នកជំងឺឆាប់ៗនេះ។

    នាយករដ្ឋមន្រ្តី Jean Castex បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា បម្រាមគោចរដែលបានធ្វើឡើងនៅក្នុងទីក្រុងប៉ារីស និងកន្លែងផ្សេងទៀតចាប់តាំងពីថ្ងៃសៅរ៍នឹងត្រូវបានពង្រីក ដើម្បីទប់ស្កា់ការរីករាលដាលឱ្យបានជាងពាក់កណ្ដាលនៃប្រទេស។ ការរឹតត្បឹតថ្មីនេះគឺតម្រូវប្រជាជនស្នាក់នៅក្នុងផ្ទះ ចាប់ពីម៉ោង ៩ យប់ ដល់ម៉ោង ៦ព្រឹក នឹងត្រូវគ្របដណ្ដប់លើប្រជាជនប្រហែល ៤៦ លាននាក់ ឬច្រើនជាង ២ ភាគ ៣ នៃចំនួនប្រជាជនសរុបរបស់ប្រទេស។

    ប្រទេសអាល្លឺម៉ង់ក៏បានមើលឃើញនូវចំនួនសរុបប្រចាំថ្ងៃខ្ពស់បំផុតរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ផងដែរ ដោយបានកត់ត្រាករណីថ្មីចំនួន ១១,២៨៧ ករណី។ ប្រមុខស្ថាប័នវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលរបស់ប្រទេសនេះបានមានប្រសាសន៍ថា៖ «យើងនៅតែមានឱកាសបន្ថយការរីករាលដាលនៃជំងឺរាតត្បាតនេះ»។ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ដូចជាលាងដៃ និងពាក់ម៉ាសមុខជាដើម។

    ជាមួយគ្នានេះដែររដ្ឋាភិបាលបែលហ្ស៊ិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសលោកស្រី Sophie Wilmes ត្រូវបានបញ្ជូនចូលសម្រាកក្នុង ICU បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ប៉ុន្តែយ៉ាងណាស្ថានភាពរបស់លោកស្រីមានស្ថេរភាពល្អវិញហើយ។ បែលហ្ស៊ិកមានចំនួនអ្នកឆ្លងខ្ពស់បំផុតលំដាប់ទី២ នៅអឺរ៉ុប។ ប្រទេសនេះបានអនុវត្តការរឹតត្បិតមួយចំនួន រួមទាំងបម្រាមគោចរ ដែលដំណើរការចាប់ពីពាក់កណ្តាលអធ្រាត្រដល់ម៉ោង ៥ព្រឹក និងការបិទបារ៍ និងភោជនីយដ្ឋាន៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: