អន្តរជាតិ

អ្នកជំនាញជនជាតិហូឡង់ម្នាក់បាននិយាយថា គាត់ធ្លាប់បានចូលក្នុងគណនីលោក ដូណាល់ ត្រាំ ហើយលេខសម្ងាត់គណនី Twitter របស់គាត់គឺ «maga2020!»

BY
autoadmin
October 23, 2020

អ្នកជំនាញខាងសន្តិសុខប្រព័ន្ធអ៉ីធឺណេតជនជាតិហូឡង់ម្នាក់បាននិយាយថា គាត់បានលួចចូលគណនី Twitter របស់លោក ដូណាល់ ត្រាំ ដោយជោគជ័យកាលពីសប្តាហ៍មុន បន្ទាប់ពីបានទាយលេខសម្ងាត់របស់ប្រធានាធិបតីបានត្រឹមត្រូវ។ សម្រាប់យើងធម្មតាប្រហែលជាគិតថា មនុស្សមានអំណាចបំផុតមួយក្នុងពិភពលោកដូចជាប្រធានាធិបតីអាមេរិករូបនេះ អាចនឹងមានលេខសម្ងាត់រឹងមាំនិងពិបាកទាយ ប៉ុន្តែបើតាមលោក Victor Gevers បាននិយាយថា លេខសម្ងាត់បណ្ដាញ Twitter របស់លោក ដូណាល់ ត្រាំ គឺគ្រាន់តែ «maga2020!» ។

កាសែត De Volkskrant របស់ហូឡង់បានរាយការណ៍ថា លោក Victor Gevers បានរកឃើញថា គណនីរបស់លោក ដូណាល់ ត្រាំ គឺគ្មានមុខងារសុវត្ថិភាព ២តង់ two-factor authentication នោះទេ។ សូម្បីតែសុវត្ថិភាពមូលដ្ឋានដូចជា ការបញ្ជាក់តាមលេខទូរស័ព្ទ និងអ៉ីមែលក៏គ្មានដែរ។ លោកបានធ្វើការព្រមានអំពីហានិភ័យនេះទៅកាន់គ្រួសារលោកប្រធានាធិបតី ក៏ដូចជាក្រុមយុទ្ធនាការឃោសនាបោះឆ្នោត, CIA, FBI និងសេតវិមាន។ លុះ ២ថ្ងៃ ក្រោយមកលោក Victor Gevers សង្កេតឃើញថា គណនីលោក ដូណាល់ ត្រាំ បានដាក់មុខងារ two-factor ហើយខាងសេវាកម្មសម្ងាត់ក៏បានអរគុណសម្រាប់ការក្រើនរំលឹកនេះ។

នេះមិនមែនជាលើកទីមួយទេដែលលោក Victor Gevers អាចស្មានដឹងពីពាក្យសម្ងាត់របស់លោក ដូណាល់ ត្រាំ ។ នៅឆ្នាំ២០១៦ គាត់ក៏ធ្លាប់ទទួលបានសិទ្ធិចូលមើលគណនីរបស់លោក ដូណាល់ ត្រាំ នៅអំឡុងគាត់នៅជាបេក្ខភាពប្រធានាធិបតីនៅឡើយ ដោយគាត់បានប្រើលេខសំងាត់ «yourefired» ហើយលោក Victor Gevers ក៏បានរាយការណ៍អំពីហានិភ័យនេះ រួមជាមួយការសុំឱ្យរឹតបន្ដឹងសុវត្ថិភាពគណនីរបស់គាត់ដូចគ្នានឹងពេលនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ The Verge

Share This Post: