ថៃកំពុងបារម្ភថា អាចមានការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍សារជាថ្មីម្តងទៀត បន្ទាប់ពីពលរដ្ឋជាច្រើននាក់នាំគ្នារៀបចំពិធីហែអ្នកតា ដោយមិនបានគោរពតាមវិធានការអនាម័យឡើយ
ថៃ៖ អាជ្ញាធរថៃបានបង្ហាញនូវក្តីកង្វល់ជាថ្មីអំពីលទ្ធភាពនៃការឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីមានពលរដ្ឋជាច្រើននាក់ បានធ្វើការជួបជុំគ្នារៀបចំពិធីបុណ្យមួយ ដោយមិនបានគោរពទៅតាមវិធានការអនាម័យ។ ពិធីបុណ្យសាសនាដែលពលរដ្ឋថៃបានរៀបចំឡើងយ៉ាងអធិកអធ័មនោះគឺឈ្មោះថា “ពិធីបុណ្យហែអ្នកតា” (Vegetarian Festival/Nine Emperor Gods) ដែលបានរៀបចំឡើងនៅក្នុងខេត្តភូកេត កាលពីថ្ងៃទី១៦ តុលាកន្លងទៅនេះ ហើយបុណ្យនេះមានរយៈពេលរហូតដល់ទៅ ៩ ថ្ងៃ។ បើនិយាយទៅពិធីបុណ្យមួយនេះមានដើមកំណើតមកពីប្រទេសចិន ហើយពលរដ្ឋថៃដែលជាប់សែស្រលាយចិន តែងរៀបចំពិធីនេះឡើងជារៀងរាល់ឆ្នាំមិនដែលខាននោះទេ។

តាមជំនឿនៅក្នុងពិធីបុណ្យនេះគេជឿថា ក្នុងរយៈពេល ៩ថ្ងៃនៃពិធីបុណ្យ នឹងមានទេវតាចំនួន ៩ អង្គចុះមកពីឋានសួគ៌ មកលាងជម្រះបាបរបស់ប្រជាពលរដ្ឋ និងផ្តល់សំណាងល្អដល់ពលរដ្ឋគ្រប់រូប ដូចនេះហើយទើបពលរដ្ឋជាច្រើននាក់ចេញមកដើរជុំគ្នាយ៉ាងច្រើនកុះករ ដើម្បីស្វាគមន៍ទេវតាទាំងនោះ។ យ៉ាងណាក្តី បើយោងតាមលោក Prasert Fakthongkol ប្រធានសមាគមចិនប្រចាំនៅក្នុងខេត្តភូកេតបានឲ្យដឹងថា នៅក្នុងពិធិបុណ្យនោះគេបានសង្កេតឃើញពលរដ្ឋមួយចំនួន មិនបានពាក់ម៉ាស់ទាល់តែសោះ និងថែមទាំងមិនបានរក្សាគំលាតសង្គមពីគ្នាទៀតផង។ កក្តានេះទើបគេបារម្ភថា អាចនឹងមានការរាតត្បាតជំងឺកូវីដ១៩ ក្នុងចំណោមពលរដ្ឋទាំងនោះ ក្រោយពេលដែលពិធីបុណ្យត្រូវបានបញ្ចប់ទៅ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Phuket News