អាជ្ញាធរចិនបានរកឃើញការឆ្លងក្នុងស្រុកនៃជំងឺកូវីដ១៩ ច្រើនជាង ១៣០ករណី នៅតំបន់ស្វយ័តខេត្តស៊ីនជាំង
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា អាជ្ញាធរចិនបានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ច្រើនជាង ១៣០ នៅទីក្រុង Kashgar ទីប្រជុំជននៃតំបន់ស្វយ័តអ៊ុយហ្គ័រក្នុងខេត្តស៊ីនជាំង។ អាជ្ញាធរក្នុងតំបន់បាននិយាយថា គិតត្រឹមថ្ងៃអាទិត្យមានករណីចំនួន ១៣៧ ត្រូវបានបញ្ជាក់ បន្ទាប់ពីអាជ្ញាធរបានធ្វើការស្រាវជ្រាវរកអ្នកដែលមានទំនាក់ទំនងជាមួយករណី អ្នកជំងឺអាយុ ១៧ឆ្នាំម្នាក់ ដែលបានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 កាលពីថ្ងៃសៅរ៍។

ប្រភពបាននិយាយថា ករណីទាំងនេះរួមមានកម្មករនៅរោងចក្រមួយ ដែលឪពុកម្តាយអ្នកជំងឺ COVID-19 អាយុ ១៧ឆ្នាំរូបនោះ កំពុងធ្វើការផងដែរ។ រដ្ឋាភិបាលស៊ីនជាំងនិយាយថា ករណីទាំងអស់គឺមិនចេញរោគសញ្ញា ហើយពួកគេកំពុងធ្វើតេស្ត PCR លើប្រជាជនជាង ៤.៧ លាននាក់ ដែលនៅតំបន់នោះ។ ប្រព័ន្ធផ្សព្វផ្សាយចិននិយាយថា ជើងហោះហើរទៅនិងមកពីតំបន់ Kashgar ត្រូវបានលុបចោល ឬពន្យារពេលមួយរយៈខ្លីនៅថ្ងៃសៅរ៍។ យ៉ាងណាការដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវដែក ពេលនេះបានវិលមករកភាពប្រក្រតីវិញហើយ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK