ប្រទេសកូរ៉េខាងត្បូងកំពុងប្រឈមមុខនឹងវិបត្តិគីមឈី បន្ទាប់ពីស្ពៃក្តោបឡើងថ្លៃរហូតដល់ទៅ….
ជាធម្មតាបើយើងនិយាយពី «គីមឈី» យើងច្បាស់ជាគិតដល់ប្រទេសកូរ៉េជាមិនខាន ដោយសារតែវាជាអាហារប្រពៃណីរបស់ពួកគេ មិនថាជាកូរ៉េខាងត្បូង ឬកូរ៉េខាងជើងនោះឡើយ។ ជាក់ស្ដែងបើនិយាយពីកូរ៉េខាងត្បូងវិញ ពួកគេបាននាំចេញនូវគីមឈី ទៅកាន់ទីផ្សារទូទាំងពិភពលោកយ៉ាងច្រើនផងដែរ។ ប៉ុន្តែវាគួរឱ្យសោកស្ដាយសម្រាប់ឆ្នាំនេះ ប្រទេសកូរ៉េខាងត្បូងបានទទួលរងនូវវិបត្តិខ្វះគីមឈី ដោយសារតែបញ្ហាស្ពៃក្តោបឡើងថ្លៃកប់ពពករហូតដល់ទៅ ៦០% ឯណោះ។

មូលហេតុដែលធ្វើឱ្យតម្លៃស្ពៃក្តោបឡើងកូដខ្លាំងបែបនេះគឺដោយសារ រដូវវស្សាមានរយៈពេលយូរជាងរាល់ឆ្នាំ នៅចន្លោះខែមិថុនានិងសីហា។ អាកាសធាតុរបស់ប្រទេសទាំង ២ ក៏មិនល្អប្រសើរនោះដែរ ដោយពួកគេជួបប្រទះព្យុះជាច្រើននៅអំឡុងខែសីហានិងកញ្ញា ទើបបណ្ដាលឱ្យចម្ការស្ពៃក្ដោបរងការខូចខាតយ៉ាងខ្លាំង ហើយបានប៉ះពាល់ដល់ការប្រមូលផល។ បញ្ហានេះបានប៉ះពាល់យ៉ាងខ្លាំងដល់រដូវកាល «Gimjang» ដែលជារដូវកាលធ្វើគីមឈី និងត្រូវបានធ្វើឡើងតាមទម្លាប់នៅអំឡុងខែវិច្ឆិកាដល់ដើមខែធ្នូ។
នេះមិនមែនជាលើកទី១ទេ ដែលប្រទេសកូរ៉េខាងត្បូងជួបវិបត្តិបែបនេះ កាលពីឆ្នាំ២០១០ មន្រ្តីនៅទីក្រុងសេអ៊ូលបានបង្កើត «កម្មវិធីជំនួយសម្រាប់គីមឈី» ដោយនៅក្រោមកម្មវិធីនេះ រដ្ឋាភិបាលបានចំណាយថ្លៃ ៣០% លើតម្លៃស្ពៃក្តោបប្រហែល ៣០ម៉ឺនដុំ។ វាមានគោលបំណងជួយទាំងកសិករនៅតាមជនបទ និងអ្នកដើរផ្សារទីក្រុង។ ប៉ុន្តែទោះជាយ៉ាងណា វានៅតែមិនគ្រប់គ្រាន់សម្រាប់ពលរដ្ឋគ្រប់គ្នានោះទេ។ ទីផ្សារធំរបស់ប្រទេសនេះគឺជប៉ុន ដែលនាំចូលជិត ៦៥% ឬ ១០,៣៤៩តោន នៃផលិតផលសរុបក្នុងឆ្នាំ២០១៩។ ចំណែកសហរដ្ឋអាមេរិកនាំចូល ៣,០២៤តោន; អូស្ត្រាលី ១,១១២តោន; ហុងកុង ១,០២២តោន; និងតៃវ៉ាន់ ៨៨៧ តោន៕



អត្ថបទ៖ លីដា
ប្រភព៖ Nextshark