នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin ប្រឈមនឹងការស្នើឱ្យលាលែងពីដំណែង បន្ទាប់ពីត្រូវបានមើលឃើញថាមានបំណងក្ដោបក្ដាប់អំណាច
នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ីលោក Muhyiddin Yassin ប្រឈមនឹងការអំពាវនាវឱ្យលាឈប់ពីតំណែងនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីព្រះមហាក្សត្របានច្រានចោលសំណើរបស់លោកក្នុងការដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយសារអ្នករិះគន់យល់ថា ជាការប៉ុនប៉ងរបស់លោកដើម្បីកាន់កាប់អំណាច។ សំណើរបស់លោកនាយករដ្ឋមន្រ្តីទៅកាន់ព្រះមហាក្សត្រចំពោះបញ្ហាជំងឺ COVID-19 រាតត្បាតនៅក្នុងប្រទេស អាចនឹងធ្វើឱ្យមានការផ្អាកក្នុងសភា ហើយអាចឱ្យគាត់គេចចេញពីសំឡេងប្រឆាំងផងដែរ។

ការបដិសេធរបស់ស្តេច Al-Sultan Abdullah ត្រូវបានគេមើលឃើញថា ដើម្បីបង្អាកការប៉ុនប៉ងក្ដោបយកអំណាចរបស់លោក Muhyiddin Yassin មួយខែបន្ទាប់ពីមេដឹកនាំប្រឆាំងលោក Anwar Ibrahim បាននិយាយថា លោកមានសំឡេងគាំទ្រភាគច្រើននៅក្នុងសភាជាងគាត់ រួមទាំងអ្នកផ្ដាច់ខ្លួនរពីសម្ព័ន្ធកាន់អំណាចផងដែរ។ បដិសេធសំណើរបស់លោក Muhyiddin Yassin កាលពីថ្ងៃអាទិត្យ ព្រះមហាក្សត្របានស្នើឱ្យអ្នកនយោបាយបញ្ឈប់រាល់ការធ្វើនយោបាយណាដែលអាចធ្វើឱ្យមានអស្ថិរភាព។
ប៉ុន្តែយ៉ាងណាមេដឹកនាំនៃគណបក្សដទៃទៀតនៅក្នុងសម្ព័ន្ធរបស់លោក Muhyiddin និងក្រុមប្រឆាំង បានរិះគន់ការស្នើរបស់លោកថាជាការស្វែងរកអំណាច និងបានអំពាវនាវឱ្យលោកចុះចេញពីតំណែងបន្ទាប់ពីការស្នើទៅព្រះមហាក្សត្របរាជ័យ៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍