ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិកបានហក់ឡើងដល់ជាង ៨០,០០០នាក់ រយៈពេល ២ថ្ងៃ ជាប់ៗគ្នាមកហើយ
ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅសហរដ្ឋអាមេរិកបានហក់ឡើងដល់ជាង ៨០,០០០នាក់ ក្នុងរយៈពេល ២ថ្ងៃ ជាប់ៗគ្នាមកនេះ ខណៈដែលចំនួនអ្នកជំងឺធ្ងន់ធ្ងរនៅមន្ទីរពេទ្យបានកើនដល់ ៤០,០០០នាក់ ដែលជាកម្រិតដូចគ្នានៅដើមខែមេសានិងកក្កដា នៅពេលដែលប្រទេសនេះមានការឆ្លងរាលដាលអាក្រក់បំផុត។ បើយោងតាមការកត់ត្រារបស់សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា សហរដ្ឋអាមេរិកមានករណីថ្មីប្រហែល ៨៣,០០០ ត្រូវបានបញ្ជាក់កាលពីថ្ងៃសៅរ៍។

មន្ត្រីសុខាភិបាលនៅរដ្ឋ Wisconsin បាននិយាយថា គ្រែមន្ទីរពេទ្យនៅក្នុងរដ្ឋរបស់ខ្លួននៅទំនេរតែ ១៨% ទៀតប៉ុណ្ណោះ។ ពួកគេមានការបារម្ភថា អ្នកជំងឺនឹងមិនអាចទទួលបានការព្យាបាលត្រឹមត្រូវនៅតាមតំបន់ខ្លះទេ។ ចំណែកលោក Anthony Fauci ដែលជាអ្នកឯកទេសខាងជំងឺឆ្លងជាន់ខ្ពស់របស់រដ្ឋាភិបាលក៏បានលើកឡើងដែរថា វាល្មមដល់ពេលហើយ ដែលសហរដ្ឋអាមេរិកត្រូវចេញច្បាប់ឱ្យមានការពាក់ម៉ាស់ ដើម្បីទប់ស្កាក់កការរីករាលដាលនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK