អន្តរជាតិ

វៀតណាមត្រៀមជម្លៀសពលរដ្ឋជាង ១លាននាក់ទៅកន្លែងសុវត្ថិភាព ខណៈឥទ្ធិពលព្យុះ Molave នឹងមកដល់ឆាប់ៗខាងមុខនេះ

BY
autoadmin
October 27, 2020

វៀតណាម៖ សារព័ត៌មាន Channel News Asia បានរាយការណ៍ថា រហូតមកដល់ពេលនេះប្រទេសវៀតណាមបានត្រៀមខ្លួនរួចរាល់ហើយក្នុងការជម្លៀសពលរដ្ឋខ្លួនប្រមាណជា ១.៣ លាននាក់ទៅកន្លែងមានសុវត្ថិភាព ដែលតាមការព្យាការណ៍ពលរដ្ឋទាំងនេះនឹងត្រូវរងនូវការគំរាមគំហែងយ៉ាងខ្លាំងពីព្យុះ Molave ក្នុងពេលដ៏ឆាប់ខាងមុខ។ ប្រភពខាងលើបានបន្តថា ព្យុះមួយនេះនឹងក្លាយជាព្យុះទី ៤ ដែលបានវាយប្រហារទៅលើប្រទេសវៀតណាមនៅក្នុងឆ្នាំនេះ ហើយបើយោងតាមអ្នកជំនាញបានបញ្ជាក់ថា ឥទ្ធិពលនៃព្យុះ Molave នឹងបង្កឲ្យមានខ្យល់បក់បោកក្នុងល្បឿន ១៣៥​ គីឡូម៉ែត្រក្នុងមួយម៉ោង ទឹកជំនន់ និងបញ្ហាបាក់ដីផងដែរ។

សូមបញ្ជាក់ជូនថា ព្យុះ Molave ​ទើបតែបានវាយប្រហារប្រទេសហ្វីលីពីនកាលពីថ្ងៃចន្ទកន្លងទៅនេះ ដោយព្យុះមួយនេះបានបង្កឲ្យមានខ្យល់បោកបក់ទៅលើដែនសមុទ្រហ្វីលីពីនក្នុងល្បឿន ១២៥ គីឡូម៉ែត្រ និងមានខ្យល់កន្ត្រាក់ក្នុងល្បឿន ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ។ ព្យុះ Molave គឺជាព្យុះទី ១៧ សម្រាប់ហ្វីលីពីននៅក្នុងឆ្នាំនេះ ហើយឥទ្ធពលរបស់ព្យុះមួយនេះបានធ្វើឲ្យអ្នកនេសាទលើសមុទ្រហ្វីលីពីនចំនួន ១២ នាក់បានបាត់ខ្លួន តែនៅមិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់នៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia 

Share This Post: