អង្គការសុខភាពពិភពលោកបានសម្ដែងការព្រួយបារម្ភចំពោះការកើនឡើងនៃជំងឺកូវីដ១៩ នៅទ្វីបអឺរ៉ុប ហើយថាវាមានការលំបាកក្នុងការគ្រប់គ្រង
ប្រធានកម្មវិធីសុខភាពបន្ទាន់របស់អង្គការសុខភាពពិភពលោក (WHO) លោក Michael Ryan បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃច័ន្ទថា លោកមានការព្រួយបារម្ភចំពោះរលកនៃការឆ្លងជំងឺ COVID-19 ថ្មីៗនៅទ្វីបអឺរ៉ុប ដែលវាមានការលំបាកក្នុងការគ្រប់គ្រង។ លោកបានមានប្រសាសន៍ថា៖«យើងកំពុងមើលឃើញពីអត្រាវិជ្ជមានខ្ពស់ និងការកើនឡើងនៃកង្វះសមត្ថភាពក្នុងការតាមដានឱ្យមានប្រសិទ្ធិភាព»។

ប៉ុន្តែអ្នកដឹកនាំបច្ចេកទេសសម្រាប់ការឆ្លើយតបនឹងជំងឺ COVID-19 គឺអ្នកស្រី Maria Van Kerkhove បាននិយាយថា ការបិទទ្វារនៅទូទាំងប្រទេសនឹងមិនចាំបាច់នោះទេ «ប្រសិនបើមនុស្សគ្រប់គ្នាដើរតួនាទីរបស់ពួកគេឱ្យបានត្រឹមត្រូវ»។ អ្នកស្រីក៏បានអំពាវនាវឱ្យប្រើឧបករណ៍ជំនួស រួមទាំងការធ្វើតេស្តបន្ថែម ការដាក់ដោយឡែកសម្រាប់អ្នកដែលសង្ស័យថាបានឆ្លងជំងឺ និងជៀសវាងកន្លែងដែលមានមនុស្សច្រើន។
ជម្រាបដែរថានៅទ្វីបអឺរ៉ុបទាំងអេស្បាញនិងបារាំង មានចំនួនអ្នកឆ្លងជំងឺ COVID-19 សរុប១លាននាក់ គិតត្រឹមដើមខែនេះ។ ប្រទេសជាច្រើនក្នុងតំបន់ក៏បានដាក់បម្រាមគោចរពេលយប់ និងបញ្ជាឱ្យភោជនីយដ្ឋានកាត់បន្ថយពេលវេលាបើកទ្វារជាដើម៕

អត្ថបទ៖ លីដា
ប្រភព៖ NHK