អន្តរជាតិ

ព្យុះទីហ្វុង Molave បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩នាក់ នៅប្រទេសហ្វីលីពីន មុនពេលវាឆ្ពោះទៅកាន់ប្រទេសវៀតណាម

BY
autoadmin
October 27, 2020

ព្យុះទីហ្វុង Molave បានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនជាង ៩០០,០០០នាក់ នៅក្នុងប្រទេសហ្វីលីពីន មុនពេលដែលវាបានចាកចេញពីទីនោះ នៅម៉ោងប្រហែល ៨ព្រឹក ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០។ ការិយាល័យអាកាសធាតុហ្វីលីពីនបាននិយាយថា វាទំនងជានឹងរីកធំបន្ថែមទៀតនៅពេលទៅដល់សមុទ្រ ហើយឈានដល់កំពូលក្នុងរយៈពេល ២៤ម៉ោង។ យោងតាមមជ្ឈមណ្ឌលឧតុនិយមក្នុងតំបន់បានឱ្យដឹងថា តំបន់ភាគខាងជើងនៃតំបន់ខ្ពង់រាបកណ្តាលរបស់ប្រទេសវៀតណាម ដែលជាកន្លែងផលិតកាហ្វេរបស់ខ្លួន ត្រូវបានគេព្យាករណ៍ថានឹងទទួលបានទឹកភ្លៀង ២០០មីលីម៉ែត្រ ចាប់ពីល្ងាចថ្ងៃអង្គារនេះតទៅ។

ព្យុះទីហ្វុង Molave ​​បានវាយប្រហារប្រទេសហ្វីលីពីនតាំងពីថ្ងៃអាទិត្យ ដោយបានជន់លិចភូមិ និងដីទំនាបទាប ព្រមទាំងបានផ្តាច់ខ្សែភ្លើង និងបំផ្លាញផ្ទះរាប់រយខ្នង នៅពេលវាឆ្លងកាត់ប្រជុំកោះនេះ ខណៈមនុស្សរាប់ពាន់នាក់កំពុងជ្រកកោននៅក្នុងមណ្ឌលជម្លៀស។ ក្រុមប្រឹក្សាកាត់បន្ថយនិងគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDRRMC) បានព្រមានថា ចំនួនអ្នកស្លាប់និងរបួសអាចកើនឡើងទៀត នៅពេលដែលអាជ្ញាធរក្នុងតំបន់ វាយតម្លៃការខូចខាតនៅក្នុងតំបន់របស់ពួកគេរួចរាល់។

យ៉ាងហើចណាស់ក្នុងចំណោមអ្នកស្លាប់ទាំង ៩នាក់ មានមនុស្ស ៣នាក់ បានស្លាប់ដោយសារលង់ទឹក និងមានមនុស្ស ១២នាក់ កំពុងបាត់ខ្លួននៅឡើយ។ មនុស្សជាង ៧០,០០០នាក់ កំពុងស្ថិតនៅក្នុងមជ្ឈមណ្ឌលជម្លៀសជាង ៨០០កន្លែង នៅឡើយ។ ជម្រាបដែរថា ហ្វីលីពីនរងការវាយប្រហារដោយព្យុះ និងព្យុះទីហ្វុង ជាមធ្យម ២០ ជារៀងរាល់ឆ្នាំ ដែលជាផ្នែកធ្វើឱ្យមានគ្រោះថ្នាក់ និងការរំខាន ដល់ជីវិតនៅក្នុងប្រទេសមួយនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: