ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដោយសារមិនចង់ឲ្យក្រុមនិស្សិតរងទុក្ខវេទនា សមាជិកសភាមកពីបក្សប្រឆាំងថៃម្នាក់ សុខចិត្តធ្វើរឿងឈឺសាច់នៅក្នុងសភា ដើម្បីបង្ហាញពីការប្រឆាំងចំពោះការប្រើកម្លាំងបង្ក្រាបលើក្រុមអ្នកតវ៉ា

    BY autoadmin October 28, 2020
    ដោយសារមិនចង់ឲ្យក្រុមនិស្សិតរងទុក្ខវេទនា សមាជិកសភាមកពីបក្សប្រឆាំងថៃម្នាក់ សុខចិត្តធ្វើរឿងឈឺសាច់នៅក្នុងសភា ដើម្បីបង្ហាញពីការប្រឆាំងចំពោះការប្រើកម្លាំងបង្ក្រាបលើក្រុមអ្នកតវ៉ា

    បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ កាលពីយប់ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា សមាជិកសភានៃគណបក្សប្រឆាំងភឿថៃម្នាក់ គឺលោក Visan Techatirawat បានយកកាំបិតអារដៃខ្លួនឯងនៅឯសភាកាលពីថ្ងៃអង្គារ នៅក្នុងអ្វីដែលគាត់បាននិយាយថា ជាការតវ៉ាប្រឆាំងនឹងចំណាត់ការរបស់រដ្ឋាភិបាលលើសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យវ័យក្មេង។ លោក Visan Techatirawat បានអារដៃឆ្វេងចំនួន ៣កន្លែង ដោយកាំបិតចិតផ្លែឈើ នៅក្នុងអំឡុងពេលនៃការជជែកវែកញែកពិសេសអំពីវិបត្តិនយោបាយថ្ងៃទី២ ដោយពន្យល់តាមក្រោយថា គាត់មិនចង់ឱ្យនិស្សិតត្រូវបង្ហូរឈាមទេ។

    អស់រយៈពេល ៤ខែ កន្លងមកនេះ ការធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងបាងកក និងបណ្តាខេត្តនានា គឺបានអំពាវនាវឱ្យនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចានអូចា លាលែងពីតំណែង ហើយរដ្ឋធម្មនុញ្ញត្រូវបានធ្វើឱ្យមានលក្ខណៈប្រជាធិបតេយ្យ និងរាជាធិបតេយ្យដែលត្រូវតែធ្វើកំណែទម្រង់។ លោកបានបន្ថែមថា លោកធ្លាប់ជាសមាជិកសភាតាំងពីឆ្នាំ១៩៨៦ ប៉ុន្តែនៅតែមិនទាន់រកវិធីដោះស្រាយបញ្ហានយោបាយ ហើយលោកក៏មិនចង់ឃើញភាពចលាចលប្រែទៅជាបង្ហូរឈាមដែរ។ ចំណែកសមាជិកសភាដទៃទៀតក៏បានបង្ហាញការតក់ស្លុត និងស្រងាកចិត្ត នៅពេលលោក Visan បានអារដៃខ្លួនឯងបែបនេះ។

    ក្រោយមកគាត់បានសុំទោសសមាជិកសភា ចំពោះការភ្ញាក់ផ្អើលដែលបណ្តាលមកពីសកម្មភាពរបស់គាត់។ លោកបានពន្យល់ថា លោកបានធ្វើបែបនេះដើម្បីប្រឆាំងនឹងការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើបាតុកម្មអហិង្សានៅទីក្រុងបាងកកនៅថ្ងៃទី១៧ ខែតុលា នៅពេលដែលប៉ូលីសបានប្រើកាណុងបាញ់ទឹកដែលពោរពេញទៅដោយសារធាតុគីមី ទៅលើក្រុមអ្នកតវ៉ា។ លោកបាននិយាយថា នាយករដ្ឋមន្ត្រី ប្រាយុទ្ធ គួរតែស្តាប់ការទាមទាររបស់ក្រុមអ្នកតវ៉ា ជាជាងប្រើកម្លាំងប្រឆាំងនឹងពួកគេ។ លោកបានបន្ថែមថា គាត់បានខ្ចីកាំបិតពីអ្នកបម្រើនៅឯសភា ហើយមិនបានប្រាប់ក្រុមគ្រួសាររបស់គាត់អំពីផែនការអារដៃខ្លួននោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: