វេជ្ជបណ្ឌិតចិនម្នាក់ ដែលបានប្រែស្បែកទៅជាខ្មៅ ព្រោះតែជំងឺកូវីដ ១៩ ពេលនេះបានជាសះស្បើយនិងមានស្បែកដូចធម្មតាវិញហើយ
ចិន៖ វេជ្ជបណ្ឌិតចិនម្នាក់ដែលនាពេលកន្លងមកមេរោគជំងឺកូវីដ ១៩ បានធ្វើឲ្យស្បែករបស់គាត់ប្រែជាពណ៌ខ្មៅនោះ ត្រូវបានសារព័ត៌មាន Daily Mail ចុះផ្សាយថា ពេលនេះស្បែករបស់គាត់បានវិលទៅរកភាពធម្មតាវិញហើយ ខណៈរូបគាត់ក៏បានជាសះស្បើយពីជំងឺ ១០០% ដែរ។ គួររម្លឹកជូនថា វេជ្ជបណ្ឌិតរូបនេះមានឈ្មោះថា Yi Fan អាយុ ៤២ ឆ្នាំ ជាវេជ្ជបណ្ឌិតម្នាក់ក្នុងចំណោមវេជ្ជបណ្ឌិតចិនជាច្រើននាក់ផ្សេងទៀត ដែលហ៊ានទាញសញ្ញាអាសន្នពីគ្រោះថ្នាក់នៃជំងឺ កូវីដ ១៩ ដំបូងគេនៅពេលដែលជំងឺកូវីដ ១៩ ផ្ដើមដំបូងនៅក្នុងក្រុងវូហានម្លះ។

ប្រភពខាងលើបានបញ្ចាក់ថា ការពិតលោកវេជ្ជបណ្ឌិត Yi Fan បានចេញពីមន្ទីរពេទ្យយូរដែរហើយបន្ទាប់ពីទទួលបានការព្យាបាលជំងឺកូវីដ ១៩ រួច តែភ្លាមៗនោះស្បែករបស់គាត់មិនទាន់វិលមករកភាពប្រក្រតីវិញទេ ទើបគាត់មិនទាន់បង្ហាញខ្លួនជាសាធារណៈ។ យ៉ាងណាក្តី ថ្មីៗនេះលោកវេជ្ជបណ្ឌិត Yi Fan បានបង្ហាញខ្លួន សាធារណៈដោយបានទទួលបាច់ផ្កាលើកទឹកចិត្តមួយយ៉ាងធំផងក្នុងនាមជាគ្រូពេទ្យក្លាហានម្នាក់ដែលហ៊ានទាញសញ្ញាគ្រោះថ្នាក់ពីជំងឺកូវីដ ១៩ និងជាបុគ្គលិកសុខាភិបាលដ៏ល្អម្នាក់ដែលបានលះបង់យ៉ាងច្រើនក្នុងបុព្វហេតុជួយសង្គ្រោះអ្នកជំងឺកូវីដ ១៩ រាប់ពាន់នាក់នៅក្នុងប្រទេសចិន៕


អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail