នៅខ្វះតែមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ការបោះឆ្នោះប្រធានាធិបតីអាមេរិកនឹងឈានចូលមកដល់ហើយ
គូប្រជែងទាំង ២ សម្រាប់តំណែងប្រធានាធិបតីអាមេរិកគឺលោក ដូណាល់ ត្រាំ និងលោក ចូ បាយដិន កំពុងមានអារម្មណ៍ថាមានសម្ពាធពេលវេលា ដោយសារថានៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ នឹងឈានដល់ថ្ងៃបោះឆ្នោតប្រធានាធិបតីហើយ។ ក្នុងរយៈពេលចុងក្រោយនេះពួកគេទាំង ២ បានដើរលើផ្លូវដែលពួកគេសង្ឃឹមថា នឹងអាចនាំពួកគេទៅកាន់សេតវិមានរៀងៗខ្លួន។

ជាក់ស្ដែងលោក ចូ បាយដិន បានដើរតាមផ្លូវយ៉ាងលំបាកមួយ សម្រាប់បក្សប្រជាធិបតេយ្យ។ ចំណែកប្រធានាធិបតី ដូណាល់ ត្រាំ បានដើរផ្លូវល្អមួយ ដោយបានទៅទស្សនារដ្ឋនានា ដែលលោកបានឈ្នះកាលពី ៤ឆ្នាំមុន។ លោក ដូណាល់ ត្រាំ បានវិលត្រឡប់ទៅរដ្ឋមីឈីហ្គែន ដែលជារដ្ឋមួយនៃសមរភូមិជាច្រើន ដែលគាត់ត្រូវការដើម្បីឈ្នះ។
លោក ត្រាំ បានចាត់ទុកការបោះឆ្នោតថា ជាតុល្យភាពរវាងអ្វីដែលលោកនឹងធ្វើសម្រាប់សេដ្ឋកិច្ច និង ថាតើគូប្រជែងរបស់លោកនឹងគ្រប់គ្រងជំងឺរាតត្បាតយ៉ាងដូចម្តេច។ លោក ត្រាំ បាននិយាយថា «វាជាជម្រើសមួយរវាងការរីកដុះដាលរបស់ ត្រាំ ឬយុទ្ធសាស្ត្រចាក់សោររបស់លោក បាយដិន ។ ប៉ុន្តែអ្នកបានជាប់សោររួចទៅហើយ»។
ចំណែកលោក បាយដិន កំពុងព្យាយាមបង្វែររដ្ឋដែលលោក ត្រាំ បានបានឈ្នះការបោះឆ្នោតចុងក្រោយ ដោយគាត់បានធ្វើដំណើរទៅកាន់រដ្ឋចចជៀ ដែលទីនោះមិនត្រូវបានឈ្នះដោយបក្សប្រជាធិបតេយ្យតាំងពីឆ្នាំ១៩៩២។
លោក បាយដិន បានថ្លែងអំពីការបែងចែកនៅក្នុងប្រទេសតាមរយៈការសួរសំណួរ។ ដោយគាត់បានសួរថា «តើបេះដូងរបស់ប្រជាជាតិនេះប្រែទៅជាថ្មមែនទេ? ខ្ញុំមិនជឿទេ។ ខ្ញុំបដិសេធមិនជឿវា។ ខ្ញុំស្គាល់ប្រទេសនេះ។ ខ្ញុំស្គាល់ប្រជាជនរបស់យើង ហើយខ្ញុំដឹងថាយើងអាចបង្រួបបង្រួម និងព្យាបាលប្រជាជាតិនេះ»។
រហូតមកដល់ពេលនេះជនជាតិអាមេរិកជាង ៦៧ លាននាក់បានបោះឆ្នោតរួចហើយ។ នោះគឺស្ទើរតែពាក់កណ្តាលនៃចំនួនសម្លេងឆ្នោតសរុប ដែលត្រូវបានគេបោះឆ្នោតកាលពី ៤ឆ្នាំមុន។ ការស្ទង់មតិសរុបពី RealClearPolitics បង្ហាញថា លោក បាយដិន នាំមុខនៅទូទាំងប្រទេស ដោយច្រើនជាង ៧%៕


អត្ថបទ៖ លីដា
ប្រភព៖ NHK