នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចានអូចា បានបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិនចុះចេញពីតំណែង ឬ គេចពីបញ្ហាក្នុងពេលមានវិបត្តិឡើយ
នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចានអូចា បានថ្លែងយ៉ាងច្បាស់នៅក្នុងសភាកាលពីថ្ងៃអង្គារថា លោកនឹងមិនលាលែងពីតំណែង ឬ រត់ចេញពីបញ្ហាក្នុងពេលមានវិបត្តិឡើយ។ គាត់បានឆ្លើយតបទៅនឹងសំណើរបស់ក្រុមប្រឆាំងដែលថា «គាត់គួរតែចុះចេញពីតំណែង» ចំពេលមានការតវ៉ានយោបាយដឹកនាំដោយក្រុមនិស្សិត។ លោកបានប្រាប់ក្រុមប្រឆាំងនៅក្នុងអំឡុងសម័យប្រជុំសភាវិសាមញ្ញ ដែលក្នុងនោះក្រុមប្រឆាំងបានស្នើឱ្យលោកលាឈប់ពីអំណាច ដោយបាននិយាយថា៖«អ្នកគួរតែគិតអំពីការប្រមូលផ្តុំនយោបាយនៅឆ្នាំ២០០៦ និង ២០១៤ នៅពេលដែលអ្នកមានអំណាច ក៏មិនបានលាលែងពីតំណែងដែរ»។

លោកបានមានប្រសាសន៍ថា៖«ខ្ញុំបដិសេធមិនអនុវត្តតាមសំណើដែលមិនតំណាងឱ្យសេចក្តីត្រូវការរបស់ប្រជាជនភាគច្រើន ហើយនឹងមិនរត់ចេញពីបញ្ហា ឬបោះបង់ប្រទេសក្នុងពេលមានវិបត្តិនោះទេ»។
លោកបានបន្ដថា៖ «ចូរសួរខ្លួនឯងថាតើជ័យជំនះដែលអ្នកនឹងទទួលបាន នៅពេលមានការបាក់បែកក្នុងប្រទេសនឹងមានតម្លៃឬអត់ ពីព្រោះនៅពេលនោះយើងនឹងលែងមានសល់អ្វីក្នុងការផ្លាស់ប្ដូរឡើយ។ ត្រូវគិតអំពីក្មេងៗ កុំប្រើពួកគេដើម្បីជំរុញចលនានយោបាយ»។
លោកនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់សមាជិកសភា ដែលបានបញ្ចេញមតិ និងស្នើឱ្យមានដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហានយោបាយ ហើយប្តេជ្ញាថានឹងសម្របខ្លួនដោយផ្អែកលើស្ថានភាពជាក់ស្តែង។
លោកបានដាស់តឿនថា៖«ទោះយ៉ាងណាអ្វីដែលធ្វើឱ្យខ្ញុំព្រួយបារម្ភបំផុតនោះគឺការផ្ទុះឡើងនៃជំងឺ COVID-19 ។ ខ្ញុំចង់ឱ្យគ្រប់ភាគីទាំងអស់ប្រុងប្រយ័ត្នបន្ថែមទៀត ព្រោះខ្ញុំមិនចង់ឃើញប្រទេសនេះធ្លាក់ចូលក្នុងភាពជាប់គាំងដូចនៅក្នុងខែមេសាទេ»៕


អត្ថបទ៖ លីដា
ប្រភព៖ Nation Thailand