ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្សម្នាក់បានស្លាប់ និងបាត់ខ្លួន ១២នាក់ ដោយសារកម្លាំងខ្យល់បក់ខ្លាំង ខណៈដែលព្យុះទីហ្វុង Molave កាន់តែខិតជិតប្រទេសវៀតណាម

    BY autoadmin October 28, 2020
    មនុស្សម្នាក់បានស្លាប់ និងបាត់ខ្លួន ១២នាក់ ដោយសារកម្លាំងខ្យល់បក់ខ្លាំង ខណៈដែលព្យុះទីហ្វុង Molave កាន់តែខិតជិតប្រទេសវៀតណាម

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា ព្យុះទីហ្វុង Molave បានបោកបក់កាន់តែជិតប្រទេសវៀតណាម នៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០នេះ ជាមួយនឹងកម្លាំងខ្យល់ខ្លាំង ដែលបណ្តាលឱ្យអ្នកភូមិម្នាក់ស្លាប់ និងបង្កឱ្យទូកចំនួន ២គ្រឿង មានផ្ទុកអ្នកនេសាទចំនួន ១២នាក់ បានលិច។ គួរឱ្យដឹងដែរថា ព្យុះទីហ្វុង Molave គឺជាព្យុះអាក្រក់បំផុតក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ របស់ប្រទេសវៀតណាម។

    ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា បុរសម្នាក់នោះបានស្លាប់បន្ទាប់ពីមានខ្យល់ព្យុះកម្លាំង ១៥០ គីឡូម៉ែត្រ/ម៉ោង ធ្វើឱ្យគាត់ធ្លាក់ពីលើដំបូលផ្ទះរបស់ខ្លួន ខណៈដែលគាត់ព្យាយាមជួសជុលដំបូលផ្ទះ នៅឯខេត្តក្វាងង៉ៃ ភាគខាងត្បូងប្រទេសវៀតណាម ដែលនៅទីនោះក៏ត្រូវបានគេព្យាករណ៍ថា នឹងមានការបាក់ដីនៅថ្ងៃពុធនេះផងដែរ។

    យោងតាមបណ្តាញ VTV របស់រដ្ឋវៀតណាមបានឱ្យដឹងថា កងទ័ពជើងទឹកបានដាក់ពង្រាយទូកជួយសង្គ្រោះចំនួន ២គ្រឿង ដើម្បីស្វែងរកអ្នកនេសាទនៅក្នុងដែនទឹកខេត្ត Binh Dinh ។ ក្នុងនោះផងដែរមានមនុស្សយ៉ាងហោចណាស់ ៤០,០០០នាក់ ត្រូវបានជម្លៀសចេញជាបន្ទាន់ទៅកាន់ជម្រកបណ្ដោះអាសន្ន។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានបញ្ជាឱ្យអាជ្ញាធរខេត្ត រៀបចំដើម្បីជម្លៀសប្រជាជនចំនួន ១.៣ លាននាក់ នៅក្នុងតំបន់ដែលស្ថិតនៅលើផ្លូវរបស់ព្យុះផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: