ចាប់ខ្លួនស្ត្រីថៃម្នាក់ ក្រោយលក់ឧករណ៍ពត់ធ្មេញ និងគ្រឿងធ្វើធ្មេញក្លែងក្លាយជាច្រើន តាមអនឡាញ
ថៃ៖ ស្ត្រីជនជាតិថៃម្នាក់ត្រូវបានចាប់ខ្លួនជុំវិញករណីលក់ឧករណ៍សម្រាប់ថែរក្សាសុខភាពមាត់ធ្មេញនិងតុបតែងលម្អធ្មេញក្លែងក្លាយតាមរយៈបណ្តាញសង្គម Facebook ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ស្រ្តីរូបនេះមានឈ្មោះ Mukda Luanrod អាយុ ២៧ ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅក្នុងខេត្តរ៉ាត់ចាបូរី ភូមិភាគកណ្ដាលនៃប្រទេសថៃ ហើយគាត់បានប្រើប្រាស់ Facebook Page ដែលមានឈ្មោះថា “Cherdchu Retainer’’ សម្រាប់ធ្វើការផ្សព្វផ្យាយលក់ផលិតផលក្លែងក្លាយទាំងនេះតាំងពីឆ្នាំ ២០១៧ មកម្លះ។ ប៉ូលិសជំនាញថៃបានរកឃើញវត្ថុតាំងជាច្រើនៅក្នុងផ្ទះស្ត្រីរូបនេះមានដូចជា ឧបករណ៍សម្រាប់ពត់ធ្មេញចំនួន ៦ ធ្មេញសិប្បនិម្មិតចំនួន ១៣ ម្សៅសម្រាប់លាយធ្វើធ្មេញសិប្បនិម្មិតចំនួន ៨៩ កញ្ចប់ ប្រអប់សម្រាប់ដាក់ឧបករណ៍ពត់ធ្មេញចំនួន ៤០០ និងឧបករណ៍សម្រាប់ថែរក្សានិងលម្អធ្មេញជាច្រើនទៀត។

តាមការស៊ើបអង្កេតរបស់ក្រុមប៉ូលិសថៃបានឲ្យដឹងផងដែរថា អតិថិជនគោលដៅចំពោះផលិតផលទាំងអស់នេះគឺជាក្រុមសិស្សសាលាក្មេងៗ ដែលមិនសូវមានលុយច្រើននិងចង់ទិញឧបករណ៍ទាំងនេះក្នុងតម្លៃទាបជាងតម្លៃទូទៅ ដោយឧបករណ៍សម្រាប់ពត់ធ្មេញមួយត្រូវបានដាក់ក្នុងតម្លៃត្រឹមតែ ៩០០ បាត (២៩ ដុល្លារអាមេរិក) ឬទិញមួយគូតម្លៃត្រឹមតែ ១ ៧៩០ បាទ (៥៧,៥ ដុល្លារអាមេរិក) ប៉ុណ្ណោះ។ យ៉ាងណាក្តី ឧបករណ៍ទាំងនេះមានមិនគុណភាពល្អត្រឹមត្រូវតាមលក្ខណៈស្តង់ដាឡើយ ហើយការដាក់លក់តាមបណ្តាញសង្គមនេះក៏មិនមានការអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍