វះពស់ថ្លាន់យក្សមួយក្បាលរកឃើញសាកសពរបស់ស្រ្តីម្នាក់នៅក្នុងនោះ
ឥណ្ឌូនេស៊ី៖ សាកសពរបស់ស្រ្តីម្នាក់ត្រូវបានគេរកឃើញនៅក្នុងខ្លួនពស់ថ្លាន់យក្សមួយក្បាល ដែលមានប្រវែងជាង៨ម៉ែត្រ។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់ចិត្តនេះបានកើតឡើងនៅក្នុងភូមិដាច់ស្រយាលមួយ ស្ថិតនៅភាគខាងត្បូងកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី។ ស្រ្តីជាជនរងគ្រោះមានឈ្មោះថា Wa Tiba អាយុ៥៤ឆ្នាំ រស់នៅជាមួយនឹងកូនពីរនាក់។ តាមសំដីរបស់កូនទាំងពីរនាក់របស់ស្ត្រីរងគ្រោះបានឲ្យដឹងថា គេបានឃើញស្រ្តីរងគ្រោះចុងក្រោយគឺនៅពេលដែលគាត់កំពុងតែជម្រះស្មៅ និងកាប់សម្អាតព្រៃរបោះនៅខាងក្រោយផ្ទះ ហើយរហូតដល់ម៉ៅង ៦ ល្ងាច ទើបគេរកគាត់មិនឃើញ និងផ្អើលឆោឡោពេញភូមិតាមរកគាត់តែម្តង។
លុះព្រឹកឡើងទើបគេរកឃើញស្បែកជើងរបស់គាត់នៅចម្ងាយប្រមាណជា៣០ម៉ែត្រពីផ្ទះរបស់គាត់ ហើយអ្នកភូមិក៏បន្តដើរចូលទៅក្នុងព្រៃទៀត ទើបប្រទះឃើញពស់ថ្លាន់មួយក្បាលមិនអាចវារទៅមុខបាន ខណៈពោះរបស់វាឡើងប៉ោងធំគួរឲ្យសង្ស័យថា បានលេបមនុស្សម្នាក់ចូល។ ក្រោយមកអ្នកភូមិបានសម្រេចសម្លាប់ពស់នោះ និងបានវះពោះរបស់វាមើល ទើបរកឃើញសាកសពរបស់ស្រ្តីរងគ្រោះពិតមែន ខណៈដែលសពរបស់ស្រ្តីជនរងគ្រោះស្ថិតនៅក្នុងសំលៀកបំពាក់ និងពាក់គ្រឿងអលង្ការដដែលទាំងអស់៕
អត្ថបទ៖ ភក្តី
ប្រភព៖ asiantown




