ជនរងគ្រោះ ៣នាក់ បានស្លាប់ នៅក្នុងការបាញ់ប្រហារចំនួន ៦កន្លែងផ្សេងគ្នា ក្នុងទីក្រុង Vienna ប្រទេសអូទ្រីស
យ៉ាងហោចណាស់មនុស្សចំនួន ៣ នាក់បានស្លាប់ បន្ទាប់ពីក្រុមបុរសជាច្រើននាក់ប្រដាប់ដោយកាំភ្លើង បានបើកការបាញ់ប្រហារនៅទីតាំងចំនួន៦ផ្សេងគ្នា នៅកណ្តាលរដ្ឋធានី Vienna ប្រទេសអូទ្រីសកាលពីយប់ថ្ងៃច័ន្ទ។ ជនសង្ស័យម្នាក់ត្រូវបានបាញ់សម្លាប់ដោយប៉ូលីស ហើយយ៉ាងហោចម្នាក់ផ្សេងទៀតកំពុងរត់គេចពីប៉ូលីស។ អធិការបតីប្រទេសអូទ្រីសលោក Sebastian Kurz បានហៅវាថា ជាការវាយប្រហារភេរវកម្មគួរឱ្យស្អប់ខ្ពើមបំផុត។

ការបាញ់ប្រហារបានកើតឡើងប៉ុន្មានម៉ោង មុនពេលប្រទេសអូទ្រីសបានដាក់ការរឹតត្បឹតថ្មី ដើម្បីព្យាយាមទប់ស្កាត់ការកើនឡើងនូវចំនួនអ្នកឆ្លងជំងឺ COVID-19 ។ មនុស្សជាច្រើនបាននាំគ្នាទៅកម្សាន្តនៅតាមបារ និងភោជនីយដ្ឋាន ដែលឥឡូវត្រូវបានបិទរហូតដល់ចុងខែវិច្ឆិកា។ គេមិនទាន់ដឹងច្បាស់ទេថា តើអ្នកវាយប្រហារប៉ុន្មាននាក់ដែលបានចូលរួមក្នុងការបាញ់ប្រហារនេះ។
ប៉ូលីសបាននិយាយថា ឧប្បត្តិហេតុនេះបានចាប់ផ្តើមនៅជិតសាលាប្រជុំ Seitenstettengasse ។ ការបិទផ្លូវត្រូវបានដាក់ឡើងនៅកណ្តាលទីក្រុង ហើយមន្រ្តីប៉ូលីសមួយចំនួនធំត្រូវបានគេឃើញនៅក្បែរផ្ទះល្ខោនអូប៉េរ៉ាដ៏ល្បីលើពិភពលោក របស់ទីក្រុង Vienna ផងដែរ៕




អត្ថបទ៖ លីដា
ប្រភព៖ BBC