ចូលមិនបានឡើយ! ថៃចាប់ទូកនេសាទរៀតណាមមួយគ្រឿង ក្រោយចូលនេសាទខុសច្បាប់លើដែនសមុទ្រថៃ
ថៃ៖ ទូកនេសាទរបស់វៀតណាមមួយគ្រឿងត្រូវបានគេរកឃើញបានចូលទៅធ្វើសកម្មភាពនេសាទដោយខុសច្បាប់នៅក្នុងដែនសមុទ្ររបស់ប្រទេសថៃ នេះបើយោងតាមសេចក្តីប្រកាសរបស់មជ្ឈមណ្ឌលបញ្ជាការពង្រឹងដែនសមុទ្រនៃកងនាវាចរទី ២ នៃប្រទេសថៃ កាលពីថ្ងៃច័ន្ទ ទី ២ វិច្ឆិកាកន្លងទៅនេះ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ទូកនេសាទរបស់វៀតណាមនោះមានផ្ទុកមនុស្សចំនួន ៤ នាក់ និងត្រូវបានរកឃើញនៅលើដែនសមុទ្រថៃដែលមានចម្ងាយប្រមាណជា ១៣០ គីឡូម៉ែត្រពីក្រុង Songkhla របស់ប្រទេសថៃ។

ប្រភពខាងលើបានបន្តថា បន្ទាប់ពីទទួលបានដំណឹងអំពីទូកនេសាទខុសច្បាប់ចូលមកក្នុងដែនទឹករបស់ខ្លួនភ្លាម អាជ្ញាធរថៃបានធ្វើអន្តរាគមន៍ជាបន្ទាន់និងអាចធ្វើការឃាត់ទូកនេសាទវៀតណាមបាននៅក្នុងថ្ងៃកើតហេតុនោះភ្លាមៗផងដែរ។ ក្រោយការឃាត់ខ្លួនពលរដ្ឋវៀតណាម ៤ នាក់ដែលបានធ្វើសកម្មភាពនេសាទនោះត្រូវអាជ្ញាធរថៃធ្វើការចោទប្រកាន់ជាច្រើនករណីរួមមាន ការចូលមកក្នុងប្រទេសថៃដោយខុសច្បាប់ និងធ្វើសកម្មភាពនេសាទខុសច្បាប់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Bangkok Post