ព្រះសង្ឃថៃមួយអង្គត្រូវឆ្នោត ១៨ លានបាត នឹងបរិច្ចាគប្រាក់រង្វាន់ទាំងនោះជួយជនក្រីក្រ និងជួយវត្តដែលព្រះអង្គគង់នៅ
ព្រះសង្ឃថៃមួយអង្គត្រូវបានសារព័ត៌មាន The Thaiger រាយការណ៍ថា បានត្រូវឆ្នោតដែលមានទំហំទឹកប្រាក់រហូតដល់ ១៨ លានបាត ( ៥៧៩ ៨៩៧ ដុល្លារអាមេរិក) ខណៈដែលព្រះអង្គនឹងមិនយកលុយរង្វាន់ទាំងអស់នោះមកទុកជាកម្មសិទ្ធផ្ទាល់ខ្លួននោះទេ។ ព្រះសង្ឃអង្គនេះមានព្រះនាមថា Montri Samajjo មានព្រះជន្ម ៦៧ វស្សា គង់នៅវត្ត Wat Thinnakorn Nimit ក្នុងទីក្រុង Nonthaburi នៃប្រទេសថៃ។ ប្រភពខាងលើបានបន្តថា ព្រះតេជគុណ Montri Samajjo មិនដែលចាក់ឆ្នោតឡើយកាលពីមុនមក ហើយនៅក្នុងថ្ងៃដែលព្រះអង្គទិញឆ្នោតនោះ គឺព្រះអង្គបានខ្ចីលុយពីសង្ឃផ្សេងទៀតចំនួន ១ ៥០០ បាត (៤៨ ដុល្លារអាមេរិក) មកទិញឆ្នោតក្នុងគោលបំណងចង់ជួយក្មេងៗដែលដើរលក់ឆ្នោតមិនដាច់និងបានមកសម្រាកនៅក្នុងវត្ត ដើម្បីឲ្យពួកគេលក់ឆ្នោតដាច់ខ្លះនិងមានលុយត្រលប់ទៅផ្ទះវិញ។

ឆ្នោតដែលបានចេញនោះមានលេខ ០៤,៤០,៤៧,៧៤,និង ៤៤ ហើយព្រះតេជគុណ Montri Samajjo មានលេខឆ្នោតនេះចំនួន ៣ សន្លឹក ដោយក្នុងមួយសន្លឹកអាចឈ្នះបានលុយ ៦ លានបាត (១៩៣,៣២៣.៩០ ដុល្លារអាមេរិក) ។ ក្រោយត្រូវឆ្នោតព្រះតេជគុណ Montri Samajjo បានផ្តល់ប្រាក់ទៅកាន់កូនៗរបស់ចំនួន ៣ នាក់ ដោយក្នុងម្នាក់ទទួលបាន ១ លានបាត ( ៣២,២០៦ ដុល្លារអាមេរិក) ហើយលុយដែលនៅសេសសល់ទាំងអស់គឺព្រះអង្គបានបរិច្ចាគទៅវត្តដែលព្រះអង្គកំពុងគង់នៅ ដើម្បីប្រើប្រាស់ជួយជនក្រីក្រ ឬអ្នកខ្វះខាតផ្សេងៗនៅក្នុងវត្ត តែព្រះអង្គមិនបានយកលុយទាំងនោះមកទុកជាកម្មសិទ្ធផ្ទាល់របស់ព្រះអង្គឡើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger