ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃនឹងចាប់ផ្ដើមប្រើប្រាស់ប៉ុស្តិ៍ត្រួតពិនិត្យអ្នកបើកបរក្នុងពេលស្រវឹងស្តង់ដាខ្ពស់ ដែលអាចធានាបានទាំងប្រសិទ្ធភាព និងតម្លាភាពក្នុងពេលអនុវត្តច្បាប់

    BY autoadmin November 6, 2020
    ថៃនឹងចាប់ផ្ដើមប្រើប្រាស់ប៉ុស្តិ៍ត្រួតពិនិត្យអ្នកបើកបរក្នុងពេលស្រវឹងស្តង់ដាខ្ពស់ ដែលអាចធានាបានទាំងប្រសិទ្ធភាព និងតម្លាភាពក្នុងពេលអនុវត្តច្បាប់

    ថៃ៖ អាជ្ញាធរថៃបានសម្រេចដាក់ប៉ុស្តិ៍ត្រួតពិនិត្យអ្នកបើកបរក្នុងពេលស្រវឹង ដែលមានស្តង់ដាថ្មីមួយដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព និងតម្លាភាពខ្ពស់ក្នុងពេលអនុវត្តច្បាប់។ ប៉ុស្តិ៍ត្រួតពិនិត្យថ្មីនេះត្រូវបានគេប្រទះឃើញមាននៅមុខស្ថានីយ៍ប៉ូលិសក្នុងក្រុងបាងកក ដែលស្ថិតនៅដំណាក់កាលសាកល្បង ហើយនៅពេលដ៏ឆាប់ខាងមុនេះ ប៉ុស្តិ៍ត្រួតពិនិត្យដែលមានស្តង់ដាខ្ពស់នេះ នឹងត្រូវបានដាក់គ្រប់ទីកន្លែងពេញផ្ទៃប្រទេសថៃផងដែរ។ បើតាមលោកឧត្តមសេនីយ៍ទោ Suwat Jangyodsuk អគ្គស្នងការនគរបាលជាតិថៃបានឲ្យដឹងថា ប៉ុស្តិ៍ត្រួតពិនិត្យថ្មីនេះមាន ៣ ប្រភេទគឺទំហំធំ មធ្យម និងតូច។ លោកបានបន្តថា ប៉ុស្តិ៍ត្រួតពិនិត្យទំហំធំនឹងមានមន្ត្រីប៉ូលិសជំនាញផ្នែកចរាចរណ៍ចុះធ្វើទៅការងារចំនួន ១២ នាក់ ប៉ុស្តិ៍ត្រួតពិនិត្យទំហំមធ្យមមានមន្ត្រីប៉ូលីសចំនួន ៩នាក់ និងប៉ុស្តិ៍ត្រួតពិនិត្យខ្នាតតូចមានមន្ត្រីប៉ូលីសត្រឹមតែ ៧ នាក់ប៉ុណ្ណោះ។

    ឧត្តមសេនីយ៍ទោ Suwat Jangyodsuk បានបន្តថា នៅតាមប៉ុស្តិ៍ត្រួតពិនិត្យនីមួយៗនឹងមានបំពាក់ទៅដោយកាមេរ៉ាសុវត្ថិភាពទំនើប ប្រព័ន្ធផ្តល់សញ្ញាប្រុងប្រយ័ត្នសម្រាប់អ្នកបើកបរនៅចម្ងាយ ១៥០ ម៉ែត្រ មុនមកដល់កន្លែងត្រួតពិនិត្យ និងសម្ភារៈសម្រាប់អនុវត្តច្បាប់ចរាចរណ៍ថ្មីៗជាច្រើនទៀត។ ក្នុងពេលអនុវត្តច្បាប់នោះផងដែរ មន្ត្រីប៉ូលិសទាំងអស់ត្រូវតែពាក់ស្លាក់ឈ្មោះឲ្យបានត្រឹមត្រូវ ហើយពលរដ្ឋក៏អាចយកទូរស័ព្ទមកថតសកម្មភាពរបស់ប៉ូលិសពេលអនុវត្តច្បាប់បានផងដែរ ហើយបើក្នុងករណីដែលប៉ូលិសអនុវត្តលើសពីច្បាប់បានកំណត់ ឬប្រព្រឹត្តិអំពើពុករលួយផ្សេងៗ ពលរដ្ឋអាចធ្វើការប្តឹងបានភ្លាមៗ តាមរយៈហៅទូរស័ព្ទទៅកាន់លេខ ១ ៥៥៩ និងប្រាប់ពីទីតាំងកើតហេតុ និងឈ្មោះប៉ូលិសនោះឲ្យបានច្បាស់លាស់៕

    អត្ថបទ​៖ភក្តី

    ប្រភព៖ Bangkok Post 

    Share This Post: