អង្គការសុខភាពពិភពលោកនិយាយថា យើងអាចធុញជាមួយជំងឺកូវីដ១៩ ប៉ុន្តែជំងឺកូវីដ១៩ មិនបានធុញជាមួយយើងទេ
ប្រធានអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃច័ន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបានអំពាវនាវឱ្យគ្រប់គ្នាចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដោយព្រមានថា យើងអាចធុញនឹងការប្រយុទ្ធនឹងរោគរាតត្បាតនេះ ប៉ុន្តែជំងឺនេះ «មិនធុញទ្រាន់នឹងយើងទេ»។ ថ្លែងទៅកាន់សន្និបាតប្រចាំឆ្នាំរបស់ WHO ដែលបានចាប់ផ្តើមឡើងវិញកាលពីថ្ងៃច័ន្ទ បន្ទាប់ពីត្រូវបានផ្អាកតាំងពីខែឧសភា លោក Tedros Adhanom Ghebreyesus ក៏បានសាទរចំពោះការឈ្នះឆ្នោតរបស់លោក Joe Biden ក្នុងនាមជាប្រធានាធិបតីអាមេរិក ដោយសង្ឃឹមថាវាអាចជាសញ្ញានៃកិច្ចសហប្រតិបត្តិការពិភពលោក ដែលកាន់តែតឹងរឹងដើម្បីបញ្ចប់ការរីករាលដាលនៃជំងឺរាតត្បាតនេះ។

លោកមានប្រសាសន៍ថា វាចាំបាច់ណាស់សម្រាប់ប្រជាជនក្នុងការតាមដានអំពីវិទ្យាសាស្ត្រ និងទប់ស្កាត់ការមិនអើពើនឹងជំងឺរាតត្បាត។ លោកបានមានប្រសាសន៍ថា៖«យើងប្រហែលជាធុញទ្រាន់នឹង COVID-19។ ប៉ុន្តែវាមិនធុញទ្រាន់នឹងយើងទេ» ដោយបន្ថែមថាជំងឺនេះនឹងយាយីដល់មនុស្សដែលទន់ខ្សោយ ហើយយើងមិនអាចចរចាជាមួយវាបាននោះទេ។ ជម្រាបដែរថាលោក Tedros ផ្ទាល់ក៏កំពុងតែនៅផ្ដាច់ខ្លួនផងដែរ បន្ទាប់ពីបានទាក់ទងជាមួយអ្នកដែលបានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ។ ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើង បន្ទាប់ពីជំងឺ COVID-19 បានសម្លាប់មនុស្សជាង ១.២៥ លាននាក់ និងឆ្លងជាង ៥០ លាននាក់ នៅទូទាំងពិភពលោក ចាប់តាំងពីវាបានលេចមុខជាលើកដំបូងនៅក្នុងប្រទេសចិនកាលពីចុងឆ្នាំមុន៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia