សត្វកណ្តុរចូលកកេរលុយក្នុងទូរ ATM មួយខ្ទេចអស់រាប់ម៉ឺនដុល្លារ
ឥណ្ឌា៖ ប្រាក់នៅក្នុងម៉ាស៊ីន ATM មួយកន្លែងក្នុងរដ្ឋ Assam ក្រុង Guwahati ប្រទេសឥណ្ឌា ត្រូវបានសត្វកណ្តុរចូលទៅខាំកកេរដាច់ខ្ទិចខ្ទី បន្ទាប់ពីម៉ាស៊ីន ATM មួយនេះត្រូវបានផ្អាកមិនឲ្យប្រើប្រាស់មួយរយៈ។ មន្ត្រីប៉ូលិសប្រចាំនៅតំបន់កើតហេតុខាងលើបានប្រាប់ឲ្យដឹងថា លុយដែលសត្វកណ្តុរបានបំផ្លាញនោះមានចំនួន ១,២៣៨,០០០ រូពី (១៨,១៩៣ ដុល្លារ) ខណៈដែលលុយនៅសល់ក្នុងម៉ាស៊ីន ATM នោះចំនួន ១,៧១០,០០០ រូពី (២៥,១៣០ ដុល្លារ) ផ្សេងទៀត នៅរក្សាសភាពដើមដដែល និងអាចយកទៅប្រើប្រាស់បានជាធម្មតា។
តំណាងខាងធនាគារដ្ឋឥណ្ឌា និងជាអ្នកត្រួតពិនិត្យម៉ាស៊ីន ATM ម្នាក់ បានឲ្យដឹងថា ម៉ាស៊ីន ATM នេះ ត្រូវបានផ្អាកមិនឲ្យប្រើប្រាស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដើម្បីជួសជុលបញ្ហាបច្ចេកទេសមួយចំនួន តែខាងធនាគារមិនបានដកប្រាក់ចេញទេ ព្រោះគិតថាម៉ាស៊ីន ATM ជិតប្រើប្រាស់បានវិញហើយ។ តែជាអកុសលពេលគេមកបើកឲ្យម៉ាស៊ីន ATM ដំណើរការវិញនោះ ស្រាប់តែគេបានជួបហេតុការណ៍នេះតែម្តង៕
ប្រភព៖ timesofindia



